(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននឹងកំពុងចូលដល់សហគមន៍ត្រូវបន្តជុំរុញការចាក់វ៉ាក់សាំង
Published Date: Tuesday, January 11, 2022, 2:58 PM
(Khmer)
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ពង្រឹង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននឹងកំពុងចូលទៅក្នុងសហគមន៍ហើយនោះ ពិសេសគឺការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។
ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ស្ដីពីការជំរុញការងារចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា មកដល់ពេលនេះជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបាននឹងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលយើងត្រូវអនុវត្តដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងវិធានការការពារ ពិសេសគឺការអនុវត្ត៣កុំនិង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល វិធានការសុខាភិបាល និងមួយវិញទៀតជំរុញការចាក់វ៉ាក់សាំងដូសជំរុញនៅតាមទីតាំងទាំង៤២ ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋទាំងដូសមូលដ្ឋាន ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។ ឯកឧត្ដម បញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ វាជាអាវក្រោះដ៏រឹងមាំមួយ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋមិនមានឆ្លងកូវីដ-១៩។
ឯកឧត្ដម ក៏បានបញ្ជាក់ទៀតថា បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺត្រូវតែទទួលនូវការចាក់វ៉ាក់សាំងទាំងដូសជំរុញ និងដូសទី៤ ឱ្យបានគ្រប់គ្នា ដោយមិនគិតថា ពួកគាត់ពីមុនចាក់វ៉ាក់សាំងនេះនៅកងទ័ព ឬ ចាក់នៅតាម បណ្តាខណ្ឌជាមួយផ្នែកស៊ីវិលនោះទេ គឺត្រូវតែចាក់ជូនពួកគាត់ ជៀសវាងកុំឱ្យលេចឮ ពាក្យថា ពួកគាត់មកទទួលការចាក់វ៉ាក់សាំងហើយ យើងមិនបានចាក់ជូនពួកគាត់។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកន្លែងផ្ដល់សេវាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានចំនួន ៤២ទីតាំង។ គ្រប់មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធទាំងអស់ត្រូវធ្វើការណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ និងត្រូវ គោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ត្រូវចេញ លិខិតជូនដល់មាតា បិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យ បានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែចូលមកដល់សហគមន៍ហើយ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានប្រកាសពីការប្រគល់ម៉ាសមួយចំនួនទៅអាជ្ញាធរខណ្ឌទាំង១៤ផងដែរ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាស់ ចំនួន១ម៉ឺនម៉ាស និងផ្សាររដ្ឋទាំងអស់នៅទូទាំរាជធានីភ្នំពេញ ក្នុងមួយផ្សារៗទទួលបានម៉ាសចំនួន៥.០០០ម៉ាស់ ដើម្បីចូលរួមក្នុងការ បង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះយើងអនុវត្តនូវវិធានការ ការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះបានល្អប្រសើរហើយ ដូច្នេះយើងត្រូវបន្តអនុវត្តនូវវិធានការទាំងនេះ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីឈានទៅកាត់ផ្តាច់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងដែលបាននឹងកំពុងឆ្លងចូលទៅក្នុងសហគមន៍នេះឱ្យបាន។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ខណៈដែលពិភពលោកទាំងមូលបានកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ តែបែរជាប្រទេសកម្ពុជាយើងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន នោះវាជាមោទនភាពមួយរបស់កម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរផងដែរ៕