(Khmer) អាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនអ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋជាង ១០០នាក់ ដែលព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ
Published Date: Sunday, May 09, 2021, 11:26 AM
(Khmer)
អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ដែលបានព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ ជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នានេះផងដែរ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ការឃាត់ខ្លួនអ្នកល្មើសទាំងជាង១០០នាក់ខាងលើ ធ្វើឡើងនារសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ទៅតាមបទបញ្ជា និងការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានមានប្រសាសន៍ថា ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ី ចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់សម្រុកចេញពីតំបន់ហាមឃាត់ (តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។
ឯកឧត្តមបញ្ជាក់ថា ពួកគាត់ទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃនៅ អនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើស ដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ សូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំ របស់អាជ្ញាធរ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕