(Khmer) ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាំយកស្បៀងអាហារ របស់សម្តេចតេជោ ជូនប្រជាពលរដ្ឋ៤៥គ្រួសារ កំពុងធ្វើចត្តាឡីស័ក នៅផ្ទះក្នុងសង្កាត់ត្រពាំងក្រសាំង
Published Date: Saturday, March 06, 2021, 5:56 PM
(Khmer)
ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះពាក់ព័ន្ធជំងឺកុដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ទទួលបានសាច់មាន់១ក្បាលនិងអង្ករចំនួន២០គីឡូក្រាម ក្នុង១គ្រួសារ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។
ពិធីប្រគល់អំណោយខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅទីតាំងធ្វើចត្តាឡីស័ក តាមផ្ទះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងសហការី រួមជាមួយអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ អំណោយទាំងនេះជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ។ ឯកឧត្តមបន្តថា៖សម្តេចតេជោនិង សម្តេចគតិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័កទើបសម្តេចប្រគល់នូវអំណោយខាងលើនេះ ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងការអរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរក្នុងការធ្វើចត្តាឡីស័ក និងសូមបងប្អូនរួចផុតពីការឆ្លងជម្ងឺកូវីដ-១៩ទាំងអស់គ្នា។
ជាមួយគ្នានោះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ឱ្យដឹងថា៖ក្នុងចំនួនប្រជាពលរដ្ឋទាំង៤៥គ្រួសារនេះ ប្រជាពលរដ្នរស់នៅក្នុងភូមិជង្រុកចំនួន៣០គ្រួសារ និងប្រជាពលរដ្ឋរស់នៅសហគមន៍ត្រពាំងអញ្ចាញចំនួន១៥គ្រួសារ។ ពួកគាត់ជាប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
លោកបន្តថា៖ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅខណ្ឌពោធិ៍សែនជ័យ មានមណ្ឌលចត្តាឡីស័កចំនួន៨ទីតាំង ក្នុងនោះរួមមាន៖១- សណ្ឋាគារកាលីហ្វូញ៉ា ១៤៦នាក់ ស្រី៧៦នាក់, ២-សណ្ឋាគារស៊ីធីខមហ្វត ២១៦នាក់ ស្រី៣៨នាក់, ៣-ខុនដូ សូហូ ១៣២នាក់ ស្រី៣២នាក់ ,៤-សណ្ឋាគារម៉ាក្រូ ១១០នាក់ ស្រី២៣នាក់, ៥- សាលាបឋមសិក្សាពោធិ៍ចិនតុង ៧៣នាក់ ស្រី១៦នាក់,៦- ភោជនីយដ្ឋានជីនជន ៤៥នាក់ ស្រី២៧នាក់ , ៧-ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ៥៧នាក់ ស្រី២៩នាក់ និង ៨-ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង៦៨នាក់ ស្រី៣៧នាក់។ អ្នកធ្វើចត្តាឡីស័កសរុប ៨៥៧នាក់ ស្រី២៧៥នាក់(មិនមានអ្នកឆ្លងកូវីដ-19)។ មានកំម្លាំង ប៉ូលីសការពារសណ្ឋាប់ធ្នាប់ ៧៤នាក់ ជាប់ជាប្រចាំ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលលោកហែម ដារិទ្ធិ តំណាងអភិបាលរាជធានីភ្នំពេញ រួមជាមួយអ្នកឧកញ៉ាឡេង ណាវ៉ាត់ត្រា បានបន្តចុះចែកជូនប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ចំនួន១៥គ្រួសារទៀត៕