(Khmer) សប្បុរសជនចំនួន៣ក្រុម ប្រគល់ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺ ជូនរដ្ឋបាលរាជធានី ភ្នំពេញ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ រងគ្រោះដោយការរីករាលដាលជំងឺកូវីដ-១៩
Published Date: Wednesday, May 05, 2021, 5:53 PM
(Khmer)
សប្បុរសជនចំនួន៣ក្រុម ដែលក្នុងនោះមានសហគមធនាគារនៅកម្ពុជា ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី និងក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន ឯក បានប្រគល់ថវិកា ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយដោយការរីករាលដាលនៃជំងឺកូវីដ-១៩។
ពិធីប្រគល់ និងទទួល បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
អំណោយដែលប្រគល់ និងទទួលនៅពេលនោះរួមមាន៖
– អំណោយរបស់សហគមធនាគារនៅកម្ពុជា មាន ថវិកា ចំនួន ២.៥០០ដុល្លារ អង្ករចំនួន ២៣តោន ត្រីខ ចំនួន ១.១២៩យួរ មីម៉ាម៉ា ចំនួន ១.២០០កំប៉ុង ម៉ាស់ ចំនួនៈ ៥.៧០០ប្រអប់ ទឹកជែលលាងដៃ ចំនួន ២.៧០០ដប និងទឹកអាល់កុល ចំនួន ១.២០០លីត្រ ។
– អំណោយរបស់ក្រុមហ៊ុនអង្គរឌែរី ប្រូផាក ខូ អិលធីឌី មានទឹកដោះគោស្រស់ចំនួន ១.០០០កេស។
– និងអំណោយរបស់ក្រុមហ៊ុនណិកស៏ជេនើរេសិន ឌីស្ទ្រីប៊្យូសិន មានអង្គរ៥០០គីឡូក្រាម ត្រីខ ៥០យូរ មី៥០កេស។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំង៣ក្រុម ដែលបានឧបត្ថម្ភ ថវិកា ស្បៀងអាហារ និងសម្ភារៈការពារជម្ងឺរាតត្បាត ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគបូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស៕