(Khmer) ឯកឧត្ដម ឃួង ស្រេង ដឹកនាំមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ១២៣CC
Published Date: Saturday, September 01, 2018, 9:28 AM
(Khmer)
នៅព្រឹកថ្ងៃសៅរ៍ ០៦រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ទីរជំនាញ អាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវស្ថាបនាថ្មីឡើងវិញដោយចាក់បេតុងឆ្អឹងដែកដែលមានបណ្តោយប្រវែង ៩៧០ម៉ែត្រ និងទទឹងប្រវែង ៧ម៉ែត្រ ជាមួយនឹងបណ្តាញលូផងដែរ ។
បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្លូវថ្នល់រួចឯកឧត្ដមអភិបាលបានបន្តចុះមកសួរសុខទុក្ខ និងពិនិត្យមើលការចាត់ចែងការដឹកទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋ នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះបាននិងកំពុងមានបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តងជាមួយនឹងតំលៃរដ្ឋ៕