(Khmer) សេចក្តីជូនដំណឹង ដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ
Published Date: Tuesday, November 28, 2017, 12:40 PM
(Khmer)
សេចក្តីជូនដំណឹង
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញនូវគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវ ទៅតាមទំហំ និងប្រភេទរថយន្តដឹកជញ្ជូននីមួយៗ ក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ទោះជាមានការកំណត់យ៉ាងនេះក្តី កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា រថយន្តធំៗល្មើសច្បាប់មួយចំនួនបានបន្តចេញចូលរាជធានីភ្នំពេញ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមួយចំនួន មិនទាន់គោរពបានខ្ជាប់ខ្ជួនតាមគោលការណ៍កំណត់ ពិសេសពេលវេលា និងតម្រាយផ្លូវហាមឃាត់ធ្វើចរាចរនៅឡើយ។
ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការក្រើនរំលឹកសារជាថ្មី សូមបងប្អូនម្ចាស់រថយន្តដឹកជញ្ជូន និងរថយន្តលាយបេតុងទាំងអស់មេត្តាគោរពតាមការណែនាំ និងសេចក្តីជូនដំណឹងដែលរដ្ឋបាលរាជធានីភ្នំពេញបានចេញកន្លងមក ហើយរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការឃាត់ទុកចំពោះរថយន្តណាដែលនៅបន្តល្មើសមិនគោរពតាមគោលការណ៍ណែនាំ ដោយពុំទទួលខុសត្រូវចំពោះការខាតបង់ពេលវេលា សំភារៈ ឬទំនិញផ្សេងៗនៅជាប់នឹងរថយន្តឡើយ។
អាស្រ័យហេតុនេះ សូមសាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមអរគុណ!