(Khmer) សិក្ខាសាលាលើកទី៣ ស្តីពី Smoke-free Cities ASEAN Regional Workshop and the Summit of Smoke-free Leaders and Champions in the ASEAN
Published Date: Thursday, June 11, 2015, 2:42 PM
(Khmer)
ឯកឧត្តម ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ និងលោក លឹម ណូរ៉ា អនុប្រធានការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្ម នៃទីចាត់ការអន្តរវិស័យ និងជាសមាជិកក្រុមការងារទីក្រុងគ្មាន ផ្សែងបារីរាជធានីភ្នំពេញ បានទៅចូលរួមសិក្ខាសាលាស្តីពី The 3rd Smoke-free Cities ASEAN Regional Workshop and the Summit of Smoke-free Leaders and Champions in the ASEAN Region ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុងអ៊ីទ្បូអ៊ីទ្បូ ប្រទេសហ្វីលីពីន ដែល សហការរៀបចំដោយសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍(SEATCA) អង្គការសុខភាពពិភពលោកប្រចាំ តំបន់អាស៊ីប៉ាស៊ីភិច និងនាយកដ្ឋានសុខាភិបាលហ្វីលីពីន ដោយមានអ្នកចូលរួម ចំនួន ១២០នាក់ មកពី បណ្តាទីក្រុងនានា នៃប្រទេសជាសមាជិកអាស៊ាន ។ គោលបំណងនៃសិក្ខាសាលានេះផ្តោតទៅលើការកសាង បណ្តាញទីក្រុងគ្មានផ្សែងបារី រវាងទីក្រុង រាជធានី និងខេត្តនានា ដើម្បីបង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី របស់អាស៊ាន (SCAN) ។ សិក្ខាសាលាថ្ងៃទី១ (២០ ឧសភា ២០១៥) បានផ្តោតទៅលើការសង្ខេបអំពី ការសិក្សាលើភាពខុសគ្នាលើមាត្រា៨ នៃអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់(FCTC): “ ការការពារពីការប្រឈមនឹងផ្សែងបារី និងការពង្រឹងយន្តការអនុវត្ត” ដោយមានទស្សនកិច្ចសិក្សាតំបន់គ្មានផ្សែងបារី នៅទីក្រុង អ៊ីទ្បូអ៊ីទ្បូ។ សិក្ខាសាលាថ្ងៃទី២ (២១ ឧសភា ២០១៥) បានផ្តោតទៅលើ “ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ និង ជើងឯកដែលមិនពិសាបារី” ដែលក្នុងនោះបានចែករំលែកបទពិសោធន៍ផ្សេងៗគ្នារបស់អភិបាល រាជធានី ខេត្ត ក្រុង និងតំណាងក្រសួងសុខាភិបាល នៃប្រទេសសមាជិកអាស៊ាន។ នៅក្នុងអំទ្បុងសិក្ខាសាលាថ្ងៃទី២នេះសាលារាជធានីភ្នំពេញ ត្រូវបានផ្តល់ ឱកាសឱ្យធ្វើបទបង្ហាញក្រោមប្រធានបទ “ថ្នាក់ដឹកនាំដែលឈប់ពិសាបារី និងដឹកនាំនៅកម្ពុជា” ហើយបទបង្ហាញនេះត្រូវបានទទួលការគាំទ្រ និង កោតសសើរពីនាយិកាសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) និងលោកតំណាងអង្គការ សុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីភិច(WHO-WPRO) ចំពោះការខិតខំពង្រឹង និងអនុវត្តគំរោង រាជធានីភ្នំពេញគ្មានផ្សែងបារីរបស់សាលារាជធានីភ្នំពេញ។ នៅថ្ងៃដដែលនោះមានពិធីចុះហត្ថលេខាលើ សេចក្តីថ្លែងការគ្មានផ្សែងបារី ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ប៊ុន សេរី រួមជាមួយនិងអភិបាលក្រុង និងខេត្ត មកពីប្រទេសនានាដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ អង្គសិក្ខាសាលាបានឯកភាពគ្នាថានឹងរៀបចំសិក្ខាសាលាក្នុងតំបន់លើកទី៤ នាឆ្នាំ២០១៦ នៅទីក្រុងក្រាប៊ី ខេត្តក្រាប៊ី ព្រះរាជាណាចក្រថៃ។
ដើម្បីឆ្លើយតបទៅតាមច្បាប់ត្រួតពិនិត្យថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជាដែលដាក់ចេញឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ថ្មីៗនេះ និងស្មារតីអាស៊ានគ្មានផ្សែងបារីនាពេលអនាគត សាលារាជធានីភ្នំពេញបានខិតខំបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់រាល់មធ្យោបាយផ្សព្វផ្សាយដែលមាននិន្នាការទាក់ទាញអតិថិជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងអនុវត្តច្បាប់ត្រួតពិនិត្យថ្នាំជក់ឱ្យមានប្រសិទ្ធភាព សំដៅរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ផលិតផលថ្នាំជក់ ដើម្បីការពារប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ ជាពិសេសយុវ័យជំនាន់ក្រោយ ឱ្យរួចចាកផុតពីការបំផ្លាញសុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និងឈានទៅលុបបំបាត់ទាំងស្រុងរាល់ទំរង់នៃការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការសេព និងការបង្ហុយផែ្សងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ សាលារៀន សួនកុមារ និងនៅតាមទីសាធារណៈ។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ក្រុមការងារទីក្រុងគ្មានផ្សែងបារីថ្នាក់រាជធានី និងថ្នាក់ខណ្ឌទាំង១២ សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់នៅរមណីយដ្ឋានគ្មានផ្សែងបារីវត្តភ្នំ ព្រមទាំងធ្វើលំហាត់ប្រាណដើម្បីសុខភាពនៅសួនច្បារមុខវត្តបទុមវតីនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥។ ទន្ទឹមនេះខណ្ឌមួយចំនួនបានរៀបចំយុទ្ធនាការចុះបិទសញ្ញាហាមជក់បារីនៅតាមទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន ក្លិបកំសាន្ត ការទប់ស្កាត់រាល់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ការសេព និងការបង្ហុយផែ្សងផលិតផលថ្នាំនៅតាមទីតាំងសាធារណៈផងដែរ៕
ការប្រារព្វទិវាពិភពលោកគ្មានថ្នាំជក់ នៅរមនីយដ្ឋានវត្តភ្នំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥
លំហាត់ហា់ត់ប្រាណក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ នៅសួនច្បារមុវត្តបទុមវតី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥
ខណ្ឌច្បារអំពៅ ធ្វើយុទ្ធនាការផ្សព្វផ្សាយ និងបិទស្លាកសញ្ញាហាមជក់បារី ២៩-០៥-១៥