(Khmer) លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥
Published Date: Friday, December 11, 2015, 12:33 PM
(Khmer)
កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។
សេចក្ដីព្រាងអំពីប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥
ក- អំពីនិយមន័យ
មាត្រា២នៃអនុក្រឹត្យលេខ៧៧អនបក្របកចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២ បានកំណត់ថា៖ “ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជា ផែនការកំណត់ចក្ខុវិស័យនិងយុទ្ធសាស្ត្ររួម សម្រាប់ការអភិវឌ្ឍផ្នែករូបវ័ន្ត និង កំណត់អំពីប្រភេទដី ព្រមទាំងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ សំខាន់ៗនិងការធ្វើសមាហរណកម្មខណ្ឌថ្នាក់រាជធានី ថ្នាក់ស្រុក ខណ្ឌ ទៅនឹង តំបន់និងថ្នាក់ជាតិ”។
ខ- អំពីគោលដៅ
ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ២០៣៥ ជាឯកសារយុទ្ធសាស្ត្រគោល បម្រើឲ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញមានគោលដៅនិងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតំរង់ទិសការ អភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានីនិងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជននិងចំនួនប្រជាជនក្នុងរាជធានី តាមរយៈការតម្រង់ទិស និងជម្រុញការវិនិយោគសាធារណៈ ស្របតាមរបប សេដ្ឋកិច្ចទីផ្សារសេរីនិងការអភិវឌ្ឍន៍តាមបែបប្រជាធិតេយ្យថ្នាក់ក្រោមជាតិ។ប្រជាជនសរុបនៅភ្នំពេញមានជិត២លាននាក់(១.៦៨៨.០៤៤នាក់ តាមការធ្វើ អង្កេតចន្លោះជំរឿនប្រជាសាស្ត្រកម្ពុជា២០១៣ នៃក្រសួងផែនការ) និងមាន ដង់ស៊ីតេប្រមាណជា ២៤៦៨នាក់/គម២ ហើយអាចកើនដល់៣លាននាក់នា ឆ្នាំ២០២០។ កំណើននគរូបនីយកម្មនិងកំណើនការសាងសង់សំណង់ធំៗថ្មីៗជាច្រើន (សំណង់អគារខ្ពស់លើសពី៥ជាន់មានប្រមាណ៦២៨កន្លែង និងសំណង់ បុរីមាន ជាង១១០ទីតាំង) ពង្រាយនៅទាំងខណ្ឌក្នុងក្រុង និងជាយក្រុងនិងបានជម្រុញការ រីកទីក្រុងទៅតំបន់ខាងក្រៅចេញពីខណ្ឌកណ្ដាលទីក្រុងស្ទើរតែហួសពីព្រំប្រទល់រដ្ឋបាលខ្លួន។ ជាមួយគ្នានេះចំនួនមធ្យោបាយដឹកជញ្ជូន (ចំនួនរថយន្តប្រមាណជាង ៣៤ម៉ឺនគ្រឿងនិងទោចក្រយានយន្តមានជាង១.៧លានគ្រឿង) និងកំពុងបន្តកើន ឡើងជារៀងរាល់ថ្ងៃបង្ករការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានគួរឲ្យកត់ សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ថេរភាពនយោបាយ ការរីកចម្រើនវិស័យសេដ្ឋកិច្ចនិងសង្គមដែលជា មនុញ្ញផលកើតចេញពី នយោបាយចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គួបផ្សំជាមួយនឹងសមត្ថភាពជំនាញបច្ចេកទេសនិងធនធានមនុស្សរបស់កម្ពុជានាពេលបច្ចុប្បន្ន និងដើម្បីឆ្លើយតបបាននឹងបញ្ហាប្រឈមនានារបស់ទីក្រុងនាពេល បច្ចុប្បន្ន និងដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់និងកំណើន អភិវឌ្ឍក្រុងប្រកបដោយ ចីរភាពក្នុងពេលអនាគត សាលារាជធានីភ្នំពេញបានតាក់តែងរៀបចំ គម្រោង ប្លង់គោលប្រើប្រាស់ដីនេះឡើងដើម្បីតម្រង់ទិសជាយុទ្ធសាស្ត្រការអភិវឌ្ឍ ធ្វើជា មូលដ្ឋានបច្ចេកទេសនិងជាឧបករណ៍ច្បាប់ និងជាគ្រឿងលើកទឹកចិត្តសម្រាប់ គៀងគរឲ្យស្ថាប័នហិរញ្ញវត្ថុនានាចូលរួមឲ្យបានកាន់តែសកម្មក្នុងការជម្រុញការអភិវឌ្ឍរាជធានីភ្នំពេញឲ្យប្រកបដោយប្រសិទ្ធផលខ្ពស់។
បានធ្វើការកំណត់លក្ខណៈវិនិច្ឆ័យលើ១៤ ចំណុចធំៗគឺ៖
១- ទម្រង់សេដ្ឋកិច្ចភ្នំពេញ
២- ការដឹកជញ្ជូន
៣- ទីផ្សាអចលនវត្ថុ
៤- ទីផ្សាចលនទ្រព្យ
៥- សង្កាត់មិនរៀបរយ
៦- ការកកើតនិងការរីកចម្រើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣
៧- លក្ខណៈសម្បត្តិរូបសាស្ត្រនិងតួនាទីនៃលំហក្រុង
៨- សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេញ ៩.ទេសភាពនិងសមាសភាគទីក្រុង
១០- កសិកម្មនិងនគរូបនីយកម្ម
១១- ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ១២.មធ្យោបាយនិងសកម្មភាពសាធារណៈ
១៣- និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និង
១៤- .ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ៕