ល្ងាចមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជាមួយក្រុមហ៊ុនស៉ិនទ្រី និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិភាក្សាផ្សព្វផ្សាយ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅលើការអនុវត្តនូវកិច្ចសន្យាជាមួយបណ្ដាខណ្ឌទាំង៤កណ្ដាលក្រុងកន្លងមក និងបន្តការចុះកិច្ចសន្យាជាបន្តបន្ទាប់ទៀតឲ្យបានក្នុងឆមាសទី២ ឆ្នាំនេះជាមួយខណ្ឌផ្សេងទៀត។ យើងសង្កេតឃើញថា បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយនឹងមូលដ្ឋានផ្ទាល់ បញ្ហាសំរាមបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ប៉ុន្តែយើងក៏ទទួលស្គាល់ថានៅមានបញ្ហាខ្លះៗដែលនៅសេសសល់ត្រូវតែដោះស្រាយ។
កិច្ចការដែលត្រូវធ្វើបន្តរួមមាន៖
១-ទាំងក្រុមហ៊ុន និងអាជ្ញាធរខណ្ឌត្រូវគិតគូរឲ្យរួចរាល់ ដើម្បីរៀបចំចុះកិច្ចសន្យាជាមួយខណ្ឌដែលមិនទាន់ចុះកិច្ចសន្យា។
២-ឯកឧត្តម អៀង អូននី ត្រូវពិភាក្សា និងសិក្សាលើកការកំណត់តម្លៃសំរាមជាឯកតាណាមួយឲ្យបានច្បាស់លាស់។
មានតែការចូលរួមពីគ្រប់ៗគ្នាទេ ដែលអាចលុបបំបាត់បញ្ហាសំរាមក្នុងរាជធានីភ្នំពេញយើងបាន៕