(Khmer) គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវអភិបាលក្រុងប៉ារីស
Published Date: Tuesday, November 06, 2018, 2:57 PM
(Khmer)
នារសៀលថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អាន អុីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។
ជាកិច្ចចាប់ផ្ដើមលោកជំទាវ អភិបាលក្រុងប៉ារីស បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ មកសាធារណរដ្ឋបារាំង ដើម្បីចូលរួមកិច្ចប្រជុំ សមាជិកគណៈកម្មការអចិន្ត្រៃយ៍ របស់សមាគម AIMF លើកទី ៨៧ នៅទីក្រុងលីល ( Lille ) សាធារណរដ្ឋបារាំង។ លោកជំទាវទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់រាជធានីភ្នំពេញក្នុងក្របខណ្ឌ AIMF ប្រចាំទ្វីបអាសុី និងបានគូសបញ្ជាក់ផងដែរថាទីក្រុងប៉ារីស នឹងបន្តទំនាក់ទំនងល្អក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទេ្វភាគីជាមួយរាជធានីភ្នំពេញ។
ជាការឆ្លើយតប ឯកឧត្ដមអភិបាលបានអរគុណលោកជំទាវអភិបាលក្រុងប៉ារីសដែលតែងតែបន្តគាំទ្រកិច្ចការសហប្រតិបត្តិការទ្វេភាគី រវាងរាជធានីភ្នំពេញ-ទីក្រុងប៉ារីស និងបានសំណូមពរស្នើសុំឲ្យទីក្រុងប៉ារីសគាំទ្រ និងជួយដល់រាជធានីភ្នំពេញលេី៣ចំណុច ដូចខាងក្រោម៖
១. បន្តជួយគាំទ្ររាជធានីភ្នំពេញ នៅក្នុងក្របខណ្ឌ ការងាររបស់ AIMF និងស្នើលោកជំទាវគាំទ្រដល់រាជធានីភ្នំពេញក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្ដរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ នៅឆ្នាំ២០១៩។
២. ជួយដល់រាជធានីក្នុងការបញ្ជូនអ្នកជំនាញការមកផ្តល់យោបល់លើការសិក្សារៀបចំផ្លូវឯកទិស
៣. ជួយដល់រាជធានីភ្នំពេញក្នុងការអភិវឌ្ឍទីក្រុងឲ្យក្លាយជាទីក្រុងបៃតង ទំនើបទាន់សម័យប្រកបដោយបរិស្ថានល្អ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលបានអញ្ជើញលោកជំទាវអភិបាលក្រុងប៉ារីស បំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងទីក្រុងយើងទាំងពីរ។