ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសផ្នែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត កំណើនរោងចក្រ-សហគ្រាស លំនៅដ្ឋាន និងលំហូរចូលរបស់ប្រជាពលរដ្ឋមកតាំងទីលំនៅ ដើម្បីសិក្សារៀនសូត្រធ្វើការងារ និងប្រកបអាជីវកម្មក្នុងរាជធានីភ្នំពេញ កាន់តែមានចំនួនច្រើនឡើងកន្លងមក ហើយការគ្រប់គ្រងរដ្ឋបាលដែនដីរាជធានីភ្នំពេញ មានបញ្ហាប្រឈម និងការវខ្វះខាតមួយចំនួនដូចជា៖
១.ព្រំប្រទល់មួយចំនួន នៅមិនទាន់បានកំណត់ច្បាស់លាស់ និងខ្លះទៀតមិនទាន់បានធ្វើការកែសម្រួលឱ្យបានសមស្រប ជាហេតុធ្វើឱ្យមានការលំបាលក្នុងការគ្រប់គ្រងរដ្ឋបាលដែនដី។
២.ភូមិ-សង្កាត់ នៃខណ្ឌមួយចំនួនស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពរាយប៉ាយ ដោយសារកត្តាភូមិសាស្រ្ត សេដ្ឋកិច្ច នគរូបនីយកម្ម និងគម្លាតនៃការអភិវឌ្ឍខុសៗគ្នា។
៣.ភូមិ-សង្កាត់ នៃខណ្ឌមួយចំនួន មានផ្ទៃដីរដ្ឋបាលធំ ដែលមិនទាន់សមាមាត្រទៅនឹងចំនួនមន្រ្តី-បុគ្គលិកបម្រើការ ជាហេតុធ្វើឱ្យការផ្តល់សន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ មិនទាន់មានភាពល្អប្រសើរ។
៤.តម្រូវការនៃការផ្តល់សេវាសាធារណៈកាន់តែកើនឡើង ក្នុងមូលដ្ឋានភូមិសង្កាត់មួយចំនួន ដែលចាំបាច់មានយន្តការដោះស្រាយបញ្ហានេះ ដើម្បីជៀសវាងបាតុភាពអសកម្ម និងថ្នាំងថ្នាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍ ការពង្រឹងការងារសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងប្រសិទ្ធភាពការផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញបានព្រាងបង្កើត និងកែសម្រួលព្រំប្រទល់ភូមិ-សង្កាត់ថ្មី កែសម្រួលព្រំប្រទល់រដ្ឋបាលខណ្ឌ និងកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តកណ្តាល ។ ក្នុងនោះរដ្ឋបាលសង្កាត់ចំនួន ០៨ ដែលមានប្រជាជនរស់នៅច្រើន គ្រោងនឹងធ្វើការបំបែក រួមមាន៖
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្នើសុំបំបែកជា ០៣ សង្កាត់
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្នើសុំបំបែកជា ០៣ សង្កាត់
សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ ស្នើសុំបំបែកជា ០៣ សង្កាត់
សង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ ស្នើសុំបំបែកជា ០២ សង្កាត់
សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ស្នើសុំបំបែកជា ០២ សង្កាត់
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្នើសុំបំបែកជា ០២ សង្កាត់
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្នើសុំបំបែកជា ០២ សង្កាត់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នើសុំបំបែកជា ០២ សង្កាត់ ។
កិច្ចប្រជុំនេះប្រព្រឹទទៅនាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៥នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជាធានីភ្នំពេញ៕