(Khmer) ការសម្ដែងការគួរសមរបស់លោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា
Published Date: Wednesday, August 23, 2017, 10:16 PM
(Khmer)
ស្របតាមគោលនយោបាយពង្រឹង និងពង្រីកទំនាក់ទំនងការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១០ ខែសីហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយ លោកជំទាវ EVA NGUYEN BING ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារពង្រឹងចំណងមិត្តភាពជាមួយរាជធានីភ្នំពេញ ទាំងផ្នែកវិនិយោគ ផ្នែកទេសចរណ៍ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា មានអ្នកខ្លះលើកឡើងថា នៅរាជធានីភ្នំពេញមានការលំបាកក្នុងការធ្វើដំណើរដោយសារកកស្ទះចរាចរ។ ប៉ុន្តែលោកជំទាវឯកអគ្គរដ្ឋទូតបារាំង បែបនិយាយថា នេះមិនមែនជាបញ្ហានោះទេ ផ្ទុយទៅវិញលោកជំទាវមានមោទនភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញការងារនៅក្នុងរាជធានីភ្នំពេញ។ លោកជំទាវបានមានប្រសាសន៍ថា រាជធានីភ្នំពេញមានសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រជាច្រើន បើអាចអាជ្ញាធររាជធានីភ្នំពេញគួររៀបចំអោយមានការតាំងបង្ហាញអាគារបេតិកភណ្ឌណាមួយ បើកអោយភ្ញៀវចូលទស្សនាដូចនៅទីក្រុងប៉ារីស ដើម្បីបង្ហាញនិងទាក់ទាញភ្ញៀវទេសចរណ៍អោយចូលមកទស្សនាកាន់តែច្រើនថែមទៀត។
ក្នុងនោះ ប្រទេសបារាំងបានរួមចំណែកបង្កើតប្លង់គោលជាថ្មីសម្រាប់រាជធានីភ្នំពេញដែលជាត្រីវិស័យសម្រាប់ការអភិវឌ្ឍន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ជាចុងក្រោយឯកឧត្ដមអភិបាល ក៏បានគាំទ្រចំពោះគំរោងវិនិយោគកែច្នៃសំរាមអោយទៅជាថាមពលអគ្គិសនីតាមរយៈក្រុមហ៊ុនបារាំង សហការជាមួយក្រុមហ៊ុនចិន ដែលលោកជំទាវឯកអគ្គរដ្ឋទូតបារាំង បានស្នើឡើង។ ឯកឧត្ដម បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍបត់បែនច្រើនដំណាក់កាលរបស់រាជធានីភ្នំពេញ ក៏ដូចជាការប្រឹងប្រែងធ្វើឲ្យប្រសើរឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕