រាជធានីភ្នំពេញ សូមស្វាគមន៍!
រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វរវាងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ រាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៩៥,៤៦គីឡូម៉ែត្រការ៉េ ស្មើនឹង០,៣៨%នៃផ្ទៃដីសរុបទូទាំងប្រទេសដែលចែកចេញជា១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ។ មានគ្រួសារសរុបចំនួន ៤៩៩.២៩៩ គ្រួសារ ប្រជាជនសរុបចំនួន ២.២៨១.៩៥១នាក់ ស្រី១.១៧៦នាក់ ទំហំគ្រួសារគិតជាមធ្យម ៤.៥៧នាក់/គ្រួសារ អត្រាកំណើនប្រចាំឆ្នាំ ៤,៩% (២០០៨-២០១៩) និងដង់ស៊ីតេប្រជាជន ៣.២៨១នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។ (ប្រភព៖ ជំរឿនប្រជាជន ឆ្នាំ២០១៩)
រាជធានី ភ្នំពេញ ក៍ជាច្រកចូលមួយដ៍សំខាន់នៃបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ជាតំបន់បេតិកភណ្ឌ មានសាសនាចំរុះជាងគេនៅលើពិភពលោក និងមានអំណោយផលពីធម្មជាតិ ដោយមានប្រាសាទអង្គរវត្ត នៅភាគ ខាងលិច ឆ្នេរសមុទ្រដ៍ស្រស់ស្អាតនៅភាគខាងត្បូង និងមានដើមកំណើតជនជាតិភាគតិចនៅបណ្តាខេត្តជាច្រើននៃ ភាគឥសានប្រទេស។
រាជធានី ភ្នំពេញបានបង្ហាញនូវវប្បធម៌មួយចំនួន និងភាពទាក់ទាញបែបប្រវត្តិសាស្រ្តរួមមាន ព្រះបរមរាជវាំង វិហារព្រះកែវមរកត និងសារមន្ទីរជាតិ។ មិនត្រឹមប៉ុណ្ណោះ មានសណ្ឋាគារថ្នាក់ផ្កាយប្រាំ ផ្ទះសំណាក់ ភោជនីយដ្ឋាន អន្តរជាតិ ហាងគុយទាវតាមដងផ្លូវ កិ្លបកំសាន្តថ្នាក់ក្នុងស្រុក និងក្លឹបឌីស្កូថ្នាក់អន្តរជាតិ ។ល។
រាជធានី ភ្នំពេញ ជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្តូរ ដូចបណ្តា ទីក្រុងទេសចរណ៍អាស៊ានដទៃ ទៀតដែរ។ បរិមាណភោជនីយដ្ឋាន និងសណ្ឋាគារ បានរីករាលដាលគួរឱ្យកត់សំគាល់ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណេះ កំណើនភ្ញៀវទេសចរណ៍បានកើនឡើងយ៉ាងគំហុក ពីមួយឆ្នាំទៅមួយឆ្នាំ។ ច្រកទ្វារចេញចូល អន្តរជាតិផ្លូវគោកចំនួន ៣ ត្រូវបានចាប់ដំណើរការនៅឆ្នាំ ២០០៨ ហើយសព្វថ្ងៃ យើងអាចធ្វើដំណើរតាមផ្លូវ អាកាសដោយផ្ទាល់ពីរាជធានីភ្នំពេញទៅទីក្រុងអាស៊ានមួយចំនួនផងដែរ ។ ប្រព័ន្ធផ្លូវគោកត្រូវបានជួសជុលនិងធ្វើ អោយប្រសើរឡើងបន្តិចម្តងៗ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលរួមទាំងការដឹកជញ្ជូនតាមជើងយន្តហោះក្នុង ស្រុក និងការបំរើសេវាទៀងទាត់តាមរថយន្តក្រុង ពីរាជធានីទៅទីក្រុងធំៗដូចជាក្រុងព្រះសីហនុ និងកំពង់ចាមជា ដើម។ ព្រះរាជាណាចក្រកម្ពុជាកំពុងក្លាយជាកន្លែងមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍មក ទស្សនាជារៀងរាល់ថ្ងៃ ។