ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលរាជធានីបាងកក ឯកភាពបង្កើតក្រុម ការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួម ឱ្យទីក្រុងទាំង២កាន់តែរីកចំរើន
ថ្ងៃចេញផ្សាយ: Saturday, December 03, 2022, 9:11 AM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលរាជធានីបាងកក បានឯកភាពគ្នាដោយបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នា អោយទីក្រុងទាំង២មានការអភិវឌ្ឍ រីកចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែល្អប្រសើរថែមទៀត។
ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ឆាត់ឆាត សិទ្ធីផាន់ អភិបាលរាជធានីបាងកក នៅល្ងាចថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF បានបញ្ចប់។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន បានបង្កើតឱ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញ និងទីក្រុងបាងកក ហើយក៏នៅបានបង្កើតឱ្យមានកិច្ចប្រជុំទីក្រុងអាស៊ាននេះថែមទៀត។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើការរួមគ្នាជាមួយទីក្រុងបាងកក។
បន្ថែមពីលើនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅតាមជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួមកិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឱ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឱ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។ ឯកឧត្ដមបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងគោលបំណងបម្រើឱ្យបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។
ឯកឧត្ដម ឆាត់ឆាត សិទ្ធីផាន់ អភិបាលរាជធានីបាងកក នៅក្នុងឱកាសនោះ ក៏បានសម្ដែងនូវការកោតសរសើរផងដែរចំពោះ អាជ្ញាធររាជធានីភ្នំពេញ ដែលបានរៀបចំនូវកិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរផងដែរ។ ឯកឧត្ដមបន្តថា ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឱ្យបានល្អ ដោយយើង នឹងបង្កើតជាក្រុមការងារមួយដើម្បីទាក់ទងគ្នាធ្វើការ ជាមួយគ្នាឱ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាម ការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះហើរត្រង់ពីភ្នំពេញទៅបាងកកជាដើម។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឆាត់ឆាត សិទ្ធីផាន់ បានអញ្ជើញឯកឧត្ដម ឃួង ស្រេង ទៅទស្សនកិច្ចនៅទីក្រុងបាងកក ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផលប្រយោជន៍នៃទីក្រុងទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ពាក់ព័ន្ធនឹងការអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពជាមួយនឹងអភិបាលទីក្រុងបាងកក ដែលគ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងអង្គរ នាពេលសមស្របមួយ៕