ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នា...

កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ បានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមាន ខ្លឹមសារចំនួន ៦ចំណុច

ថ្ងៃចេញផ្សាយ: Saturday, December 03, 2022, 8:58 AM

imgc2122238 imgc2122221

 

 

 

 

 

             កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ បានអនុម័ត និងចុះហត្ថលេខារួមគ្នាលើសេចក្ដីប្រកាស ដែលមានខ្លឹមសារចំនួន ៦ចំណុច ដោយបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការនៃបណ្តារាជធានី-រដ្ឋធានីទាំង ១០ នៃប្រទេសជាសមាជិកអាស៊ាន ពោលគឺ មជ្ឈភាព​រាជធានី-រដ្ឋធានីអាស៊ាន គឺជាកម្លាំងចលករដ៏ចម្បង ដើម្បីឈានទៅសម្រេចបានកំណើន និងវិបុលភាពរួមនៃប្រទេសក្នុងតំបន់។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់និងមានចីរភាព»នារសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងសកម្ម ប្រកបដោយការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនារបស់ឯកឧត្តម-លោកជំទាវ អភិបាល-អភិបាលរងរាជធានី-រដ្ឋធានីទាំងអស់ នៃប្រទេសជាសមាជិកអាស៊ាន។

ឯកឧត្តមបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនទាន តាមរយៈបទបង្ហាញរបស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ពិភាក្សា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតល្មួតលើគ្រប់វិស័យ មិនថានៅកម្រិតថ្នាក់ជាតិ ឬ កម្រិតថ្នាក់ក្រោមជាតិ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជននៃបណ្តារាជធានី-រដ្ឋធានីអាស៊ាន តាម រយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្របទៅនឹងមូលបទនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ ដែលទើប កន្លងផុតទៅថ្មីៗនេះ គឺ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ឯកឧត្តមបន្តថា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើ រក្សាបានស្មារតីសាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ នោះយើងក៏អាចរួមគ្នាដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមនានា សម្រាប់គ្រួសាររាជធានី-រដ្ឋធានីអាស៊ានយើង ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមបន្តថា រាជធានីភ្នំពេញមានជំនឿជឿជាក់យ៉ាងមុតមាំថា រដ្ឋធានីហ្សាការតា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវទទួលតំណែងជាម្ចាស់ផ្ទះរៀបចំ *កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២៣” ខាងមុខនេះ នឹងបន្តដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ នៃប្រទេសជាសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ដូចអ្វីដែលយើងកំពុងខិតខំរួមគ្នាសម្រេចបានក្នុងថ្ងៃនេះ។

         សូមបញ្ជាក់ថា  សេចក្ដីប្រកាស ដែលមានខ្លឹមសារទំាង ៦ ចំណុចនេះ រួមមាន

១-    ពង្រឹងការប្ដេជ្ញាចិត្ត ក្នុងការសម្រេចបានសហគមន៍ឆ្លាត មានភាពធន់ និងមានចីរភាព ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បរិស្ថានប្រកប  ដោយចីរភាព និងទំនួលខុសត្រូវសង្គម។

២-   លើកកម្ពស់ភាពជាដៃគូរវាងទីក្រុង និងទីក្រុង ភាពជាដៃគូសាធារណៈ និងឯកជនក្នុងចំណោមទីក្រុងអាស៊ាន អ្នកផ្តល់សេវា ដៃគូមូលនិធិ និងដៃគូអភិវឌ្ឍន៍ និងផ្នែកពាក់ព័ន្ធបន្ថែមទៀត។

៣-   លើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋរបស់រាជធានី និងរដ្ឋធានីអាស៊ាននីមួយៗ ដោយបំពាក់ជំនាញ និងអក្ខរកម្មបច្ចេកវិទ្យា និងឌីជីថល ជំរុញការចាប់ផ្ដើមអាជីវកម្មបៃតង និងបណ្តុះភាពជាម្ចាស់សហគមន៍។

៤-    ធ្វើការឆ្ពោះទៅរកការបង្កើតគោលនយោបាយ និងទីក្រុងដែលស័ក្តិសមនឹងមនុស្សចាស់ ជាមួយនឹងបរិស្ថាន និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្នសម្រាប់ពលរដ្ឋវ័យចំណាស់ ផ្អែកលើសង្គម នៅក្នុងរាជធានី និងរដ្ឋធានីអាស៊ាន។

៥-    ប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខទីក្រុង ដូចជាសុវត្ថិភាពទឹក អាហារ និងថាមពល ឯកជនភាព និងសុវត្ថិភាពទិន្នន័យ ការតភ្ជាប់ការដឹកជញ្ជូននិងភស្តុភារ ផែនការនិងការគ្រប់គ្រង ការផ្លាស់ទីលំនៅថ្មីរបស់ពលរដ្ឋ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

៦-    បន្តប្តេជ្ញាលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងចំណោម រាជធានី និងរដ្ឋធានីអាស៊ាន ដើម្បីសម្រេចបានទីក្រុងឆ្លាត មានភាពធន់ និងមានជីវភាពរបស់អាស៊ាន សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត តាមរយៈការកសាងមូលដ្ឋានគ្រឹះដែលបានដាក់ចេញ៕

imgb2122212 imgc2122235 imgc2122213 imgc2122211 imgc212226 imgc212228 imgc2122226 imgc2122231 imgc2122232 imgc2122243 imgc2122237 imgc2122239 imgc2122236 imgc2122230 imgc2122229 imgc2122228 imgc2122219 imgc2122220 imgc2122227 imgc2122225 imgc2122224 imgc2122223 imgc212221 imgc212222 imgc212223 imgc212224 imgc212225 imgc212227 imgc212229 imgc2122210 imgc2122217 imgc2122216 imgc2122215 imgc2122214 imgc2122212 imgc2122218 imgc2122242 imgc2122241 imgc2122240imgc2122218