ក្រុមហ៊ុនចិនមួយចង់វិនិយោគកែច្នៃដុតសំរាមទៅជាអគ្គិសនី
ថ្ងៃចេញផ្សាយ: Wednesday, March 29, 2023, 4:44 PM
ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ៊្សុដា គ្រុប បង្ហាញបំណងចង់វិនិយោគកែច្នៃដុតសំរាមទៅជាអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្តនោះ គឺការដឹកជញ្ជូនប្រមូលសំរាម ទៅចាក់នៅទីលានចាក់សំរាមបានល្អប្រសើរ។
លោក Shan Jian Ming បានលើកឡើងថា ក្នុងជំនួបនេះ ក្រុមហ៊ុនមានគោលបំណង ពិភាក្សាអំពី លទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត មានសោភ័ណភាព និងសាកសមជាទីក្រុងទំនើប។
លោកអគ្គនាយកបានបញ្ជាក់ថា ក្នុងនោះទី១៖ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួន ដែលក្រុមហ៊ុនកំពុងអនុវត្តលើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ, ទី២៖ ក្រុមហ៊ុន មានគម្រោងចង់កែច្នៃដុតសំរាមទៅជាអគ្គិសនី។
លោកបានបន្តថា ឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាម ក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង។ ដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគំរោងដុតសំរាមទៅជាអគ្គិសនី នៅរាជធានីភ្នំពេញបន្ថែមទៀត។ ដោយសារតែនៅប្រទេសចិន ក្រុមហ៊ុន មីហ៊្សុដា គ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រ។ លោកជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យក្រុមហ៊ុន Mizuda Group Co., Ltd បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមស្នាដៃបន្តការវិនិយោគប្រមូលសំរាមនេះនៅតាមបណ្ដាលខេត្តផ្សេងៗទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកចំពោះក្រុមហ៊ុនចង់វិនិយោគដុតសំរាមទៅជាអគ្គិសនីនោះ, ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាការងារនេះជាការងារដែលសម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា។ តែបើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនក្រុមហ៊ុនមីសូដាមុនគេ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុន ចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន។
ជាលទ្ធផលមានការសាទរ និងវាយតម្លៃខ្ពស់ពីប្រជាពលរដ្ឋដោយបានផ្លាស់ប្តូរគុណភាពសេវាគួរឱ្យកត់សម្គាល់ មិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយ និង សម្ភារៈ បរិក្ខាប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អប្រសើរជាងមុន៕