សំណង់មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានគ្រែអ្នកជំងឺជិត១ម៉ឺនគ្រែ សម្តេចតេជោ នឹងអញ្ជើញចុះត្រូតពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់ជាង ១.០០០នាក់ នៅថ្ងៃ១៩ ខែមករា ឆ្នាំ២០២៣ ខាងមុខ
ថ្ងៃចេញផ្សាយ: Wednesday, January 18, 2023, 9:18 AM
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង និង លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចុះត្រូតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ នឹងការសំណេះសំណាលជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះចំនួន ១.២០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ខាងមុខ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំអោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បើកសួនច្បារទ្រូងមហាវិថឺឈ្នះឈ្នះ មុខមន្ទីរពេទ្យនោះទំហំ ១២០ម៉ែត្រ និងដាក់លូខ្នាតធំអមសងខាងអគារមន្ទីរពេទ្យ ភ្ជាប់ទៅប្រឡាយ ៧០ម៉ែត្រ ក្រោយអគារ ដើម្បីបើកផ្លូវចូលមន្ទីរពេទ្យ និងដើម្បីរំដោះទឹកចេញពីបរិវេណមន្ទីរពេទ្យនេះ។ ជាមួយនឹងការណែនាំអោយមានការរៀបចំការងារមួយចំនួនទៀត ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញចុះត្រូតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យជាតិដ៏ធំនេះ និងការសំណេះសំណាលជាមួយកម្មករ ដែលបំរើការងារក្នុងការដ្ឋាននេះចំនួន ១២០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។
គួរបញ្ជាក់ថា ៖ មន្ទីរពេទ្យនេះមានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧.៤៨០ ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) មានចំនួន ៩.៤៩៦គ្រែ ,គ្រែបុគ្គលិកពេទ្យប្រចាំការចំនួន ៤៦គ្រែ គ្រែបុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។
ជាមួយនឹងអគារបច្ចេកទេស (T) មណ្ឌលនេះ មានចំណតរថយន្ត(P) មានផ្ទៃក្រឡា ៧.០២៦ ម៉ែត្រការ៉េ ចតរថយន្តបានចំនួន( ២១០គ្រឿង)។ សួនច្បារ (G3) មានសួនបៃតង ៤.៤៩០ ម៉ែត្រការ៉េ ។ អគារផ្គត់ផ្គង់ និងពត៌មាន (A) មានទំហំ ២.៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤គ្រែ។ សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ,ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ «មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»៕