ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នឹងអាចបើកដំណ...

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់នឹងអាចបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ

ថ្ងៃចេញផ្សាយ: Thursday, September 09, 2021, 6:53 PM

img9921a1 img9921a5

 

 

 

 

 

            គ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខន្តិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

            នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានទាំងរដ្ឋ និងឯកជននឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១​ នេះតទៅ។ ការបើកឱ្យដំណើរការនេះបានលុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួង សុខាភិបាល សំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

            ទន្ទឹមនឹងនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ បើអនុវត្តតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។

            ឯកឧត្តមបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ។

            ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយនៃការបើកឱ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀត មានន័យថា បើការបើកឱ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។

            ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងទៀតថា ការបើកសាលារៀនទាំងឯកជន និងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី០៧ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត៕

img9921a10 img9921a11 img9921a9 img9921a8 img9921a6 img9921a7 img9921a4 img9921a3 img9921a2 img9921a5