ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញការស្ដារប្រឡាយ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជំរុញការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

ថ្ងៃចេញផ្សាយ: Wednesday, July 06, 2022, 11:00 AM

img672211 img672220

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញពន្លឿននៃការស្ដារប្រឡាយបឹងត្របែកឱ្យបានលឿន ដើម្បីបើកទឹកហូរឱ្យលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះអាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

            ការជំរុញរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្តម ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារប្រឡាយ បឹងត្របែកដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែក ដល់ស្ថានីយបឹងត្របែក ផ្លូវ២៧១។

            នៅក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ កាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះឱ្យអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចឱ្យស្ថានីយបឹងត្របែក មានសមត្ថភាពបូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

            គួរបញ្ជាក់ថា ៖ ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង ៨២៧ម៉ែត្រ។ ជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនិងចាក់បេតុងដើម្បីធ្វើជាផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាវនៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ៕

img672227 img672222 img672225 img672224 img672221 img672219 img672218 img672217 img672213 img672214 img672210 img67228 img67222 img67223 img67221 img672220 img67224 img67225 img67226 img67227 img672212 img67229 img672216 img672215 img672223 img672226