ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួចរាល់ទៅតាមផែនការ
ថ្ងៃចេញផ្សាយ: Friday, April 07, 2023, 9:35 AM
ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលម៉ៅការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ពន្លឿនការសាងសង់ឱ្យបានលឿន ពោលគឺធ្វើយ៉ាងណាឱ្យរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក។
ការជំរុញបែបនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ខណៈដែល ឯកឧត្ដមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឱ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ចការដែលនៅសេសសល់មួយចំនួន។
ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំនៅក្នុងទីតាំងនៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណាឱ្យ សំណង់ដ៏សំខាន់មួយនេះបានរួចរាល់ទៅតាមគម្រោងដែលគ្រោងទុក ពិសេសអគារH3 ដែលជាអគារសម្រាប់វះកាត់ និងព្យាបាលជំងឺកីឡាករ កីឡាការិនី ដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន គឺធ្វើយ៉ាងណាឱ្យក្រសួងសុខាភិបាលរៀបចំបន្ទប់វះកាត់និងព្យាបាលជំងឺH3នេះឱ្យបានរួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ខាងមុខនេះ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់មានប្រមាណ១ម៉ឺនគ្រែ ជាមួយនឹងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P)សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។ សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ដែមានព្រំប្រទល់ជាប់រាជធានីភ្នំពេញ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា»។
អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយៈ ពេល១ឆ្នាំ ដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឱ្យឃើញពីការគិតគូរបស់រដ្ឋបាលរាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ៕