ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹ...

រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត

ថ្ងៃចេញផ្សាយ: Wednesday, October 04, 2023, 2:28 PM

img410234 img410231

 

 

 

 

 

         រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ តំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។

          នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្តមដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

          ឯកឧត្ដម  ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ៖ រាជធានីភ្នំពេញ ការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទៀមទារអោយយើងរួមគ្នា ដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបញ្ជៀសអោយបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។

          ឯកឧត្ដម  ឃួង ស្រេង បន្តថា៖ ការប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយ អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញ អោយបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែងពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺកុំចូលមករាជធានីភ្នំពេញ។ 

          ឯកឧត្ដម  ឃួង ស្រេង បានបន្ថែមទៀតថា តាមគោលការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី អោយបានល្អ ដោយធ្វើយ៉ាងណាកុំអោយមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង។ ការងារនេះរដ្ឋបាលរាជធានីភ្នំពេញនឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរធនធានទឹក  និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីយើងបន្តអនុវត្តលើការងារនេះបន្តទៀត ។

          ឯកឧត្ដម  ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីការគិតគូរចំពោះប្រព័ន្ធលូ ប្រឡាយ ដែលត្រូវកែលម្អឡើងវិញ ពិសេសគឺការពង្រីកប្រឡាយបង្ហូរទឹកពីតូចទៅធំ ការតំឡើងស្ថានីយបូមទឹកអោយកាន់តែធំជាងមុន និងការតំឡើងស្ថានីយបូមទឹកថ្មីថែមទៀតផងដែរ។ ឯកឧត្តមបន្តថា ស្របពេលដែលប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញមានភាពស៊ីវីល័យ  រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ទៅ៣០ឆ្នាំ។

          លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងផងដែរថា៖ការស្ថាបនាប្រព័ន្ធលូនៅរាជធានីភ្នំពេញ គិតមកដល់ឆ្នាំ២០២៣នេះ យើងស្ថាបនាបានបណ្តាញលូប្រវែងជាង៩២៤គីឡូម៉ែត្រហើយ យើងនឹងបន្តស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀត។ បញ្ហាសំខាន់គឺយើងរក្សាអោយបាននៅអាងស្តុបទឹក ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕

img410237 img410232 img410236 img410235 img410238 img410239 img4102310 img4102311 img4102312 img4102313 img4102319 img4102317 img4102315 img4102314 img410233 img4102316