ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្...

ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀត នឹងកកើតឡើងនៅក្រោមដី នាសួនច្បារសាធារណៈមួយជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំ

ថ្ងៃចេញផ្សាយ: Monday, July 03, 2023, 4:14 PM

img372323 img37234

 

 

 

 

 

           ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ  ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦-១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតនេះត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អ៊ីឌីស៊ីផូ (ខេមបូឌា) ដែលជាក្រុមហ៊ុនក្នុងស្រុក។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប និងសេវាកម្មផ្សេងៗ ស្ថិតនៅខាងក្រោមដី ដែលជាគម្រោងថ្មីមួយមិនធ្លាប់មានឡើយ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។ គម្រោងនេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្តចតុកោណ ដំណាក់កាលទី៤ ចុងអាណត្តិដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា យ៉ាងពិតប្រាកដ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ ខណ្ឌដូនពេញនាពេលបច្ចុប្បន្ន បានក្លាយជាចំណុចប្រសព្វដ៏សំខាន់ និងជាតំបន់លំនៅឋាន-ពាណិជ្ជកម្ម ដ៏ធំមួយ ចំកណ្តាលបេះដូងរាជធានីភ្នំពេញ ដែលមានលំហូរចរាចរណ៍យានយន្តធ្វើដំណើរលើដងផ្លូវយ៉ាងមមាញឹកស្ទើរតែគ្រប់ពេលវេលា និងមានចរន្តនៃការដោះដូរទំនិញ-សេវាកម្មទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិយ៉ាងសកម្មបំផុត រួមមានវិស័យធនាគារ-ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម-សេវាកម្មទំនើប, ការស្តុកទុក-ចែកចាយផលិតផលសម្រេចក្នុងស្រុក និងបរទេសព្រមទាំងការជួញដូរក្នុងទីផ្សារចម្រុះជាដើម ដែលសកម្មភាពទាំងនេះបានធ្វើឱ្យទីក្រុងរបស់យើងកាន់តែមានភាពរស់រវើក ទាក់ទាញ និងមមាញឹកបំផុត។ ដូច្នេះ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ ចំណតសាធារណៈ និងការវិនិយោគបែបប្រណីត គឺជាជម្រើសដ៏គាប់ប្រសើរ សម្រាប់រាជធានីភ្នំពេញ ក្នុងសតវត្សរ៍ថ្មីនេះ។

            ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា គម្រោងសាងសង់ចំណតរថយន្ត និងផ្សារទំនើបនៅខាងក្រោមដីរបស់ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា)នាពេលនេះ គឺជាការរួមចំណែកដ៏ល្អរបស់វិស័យឯកជន ក្នុងភាពជាដៃគូជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយនូវបញ្ហាចំណតសាធារណៈក្នុងទីក្រុង បង្កើតជម្រើសធុរកិច្ចជូនបងប្អូនអាជីវករកាន់តែសម្បូរបែប និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រង និងស៊ីវិល័យបន្ថែមទៀត ព្រោះថាមុននេះ យើងធ្លាប់តែលឺអំពីចំណតរថយន្ត និងផ្សារទំនើបក្រោមដី នៅតាមបណ្តាទីក្រុងនៃប្រទេសអភិវឌ្ឍន៍ ប៉ុន្តែឥឡូវទីក្រុងរបស់យើងក៏នឹងមានសមិទ្ធផលថ្មីនេះ ក្រោមម្លប់នៃ “សន្តិភាព” របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី យ៉ាងពិតប្រាកដ។

            លោកជំទាវ ឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិកា ក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បានមានប្រសាសន៍លើកឡើងដែរថា៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតនេះ ត្រូវបានអនុញ្ញាតដោយរាជរដ្ឋាភិបាល ដោយសាងសង់ចំនួន៤ជាន់ ២ជាន់ជាចំណតរថយន្ត ២ជាន់ទៀតជាផ្សារទំនើប លើផ្ទៃដីទំហំ៣៣.១២០ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន៥១៦គ្រឿង។ គោលបំណងដែលក្រុមហ៊ុន អ៊ីឌីស៊ីជូតា (ខេមបូឌា) បង្កើតឡើងនូវគម្រោងខាងលើនេះ គឺដើម្បីចូលរួមកាត់បន្តយ ការកកស្ទះចរាចរ និងបង្កើតមុខរបរអោយអាជីវករតូចតាច អាចប្រកបមុខរបរលក់ដូរនៅក្នុងអគារក្រោមដីនេះបាន៕

img372327 img372326 img372321 img372320 img372314 img372315 img372328 img372317 img37239 img37238 img372312 img372313 img372310 img372311 img372322 img372324 img372325 img372316 img37237 img37236 img37235 img37233 img37232 img37231