ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ច...

រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ

ថ្ងៃចេញផ្សាយ: Wednesday, October 04, 2023, 9:05 AM

img310231 img310232

 

 

 

 

 

           រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីនិរោធទី៣ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈដែលតម្រាយផ្លូវនេះមានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូលលើអាកាស បាននឹងកំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

            នេះជាការបញ្ជាក់របស់​ ឯកឧត្ដម​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្តមដឹកនាំកិច្ចប្រជុំស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពីស្នងការដ្ឋានរាជធានី,ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។

            ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរកមធ្យោបាយដោះស្រាយការកកស្ទះចរាចរ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំអោយបានរលូន និងកាត់បន្ថយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ឯកឧត្ដម​លើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មាន បើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សគឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះ ចាប់ ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយ ទើបជាបន្តបន្ទាប់មកនេះ      អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នាល់ និងនៅមុខក្រសួងមហាផ្ទៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តការដោះស្រាយ។

            ឯកឧត្ដម​ ឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះបានបញ្ចប់ ក៏ទីតាំងនេះនៅតែប្រឈមនៃការបញ្ហាកកស្ទះដដែរទេ ព្រោះតែលំហូរចរាចរណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។

            ឯកឧត្ដម​ ឃួង ស្រេង បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍នៅចំណុចខាងលើនេះ    ឯកឧត្ដមបានណែនាំអោយកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាត ចំពោះរថយន្តដឹកទំនិញធំៗ គឺមិន     អនុញ្ញាតិអោយធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងអោយពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីអោយពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ។

            ឯកឧត្ដម​ ឃួង ស្រេង បន្ថែមទៀតថា៖ ការសម្រួលក្បួន  និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាពម៉ត់ចត់ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយ ការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕

img310237 img310233 img310235 img3102311 img3102316 img310238 img310239 img3102315 img3102314 img3102312 img3102318 img3102317 img3102310 img3102319 img3102330 img3102329 img310236 img310234 img3102331 img3102327 img3102326 img3102325 img3102324 img3102328 img3102323 img3102322 img3102321 img3102320