ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ...

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា

ថ្ងៃចេញផ្សាយ: Wednesday, January 31, 2024, 2:22 PM

img3101242 img3101241

 

 

 

 

 

         ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ  គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរ ធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយព្រែកប្រា ជាង២០០គ្រួសារ បានទៅរស់នៅនៅទីតាំងមួយដែលផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឱ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។

          ដើម្បីអោយដំណើរការនេះប្រព្រឹត្តទៅដោយរលូន  ឯកឧត្ដម  ឃួង  ស្រេង  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរ មូលដ្ឋានចុះពិនិត្យមើលស្ថានភាពប្រឡាយព្រៃកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនានិងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់។

          ឯកឧត្ដម  ឃួង ស្រេង អភិបាល  នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឱ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និងរីករាយសហការជាមួយអាជ្ញាធរ យើង ដែលធ្វើអោយយើងអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។

          ឯកឧត្ដម  ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើការសិក្សានៅទីតាំងខាងលើនេះឱ្យបានច្បាស់លាស់ ដើម្បីឱ្យដំណើរការនៃការស្ថាបនាបុកស៊ីផាយ ការស្តារប្រឡាយនេះ ឱ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនាចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

          លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ឱ្យដឹងផងដែរថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយនៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភនិងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឱ្យស្ទះចរន្តផ្លូវទឹកហូរ។  ជុំវិញបញ្ហានេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមឱ្យប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័ក្រចិត្ត ។

ឯកឧត្តមបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង២០០គ្រួសារហើយ ពោលគឺនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ ប៉ុន្តែទោះបីយ៉ាងណាក្តីអាជ្ញាធរនឹងជំរុញការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារនេះឱ្យបានលឿន ដើម្បីឱ្យដំណើរការនៃការស្ដារប្រឡាយក៏ដូចជាការបុកស៊ីផាយដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។

          ឯកឧត្តមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើលំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំទីតាំងដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។

          ឯកឧត្តមបន្តថា ប្រឡាយព្រែកប្រាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។

          គួរបញ្ជាក់ថា ប្រឡាយព្រែកប្រានេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕

img31012411 img31012412 img3101247 img3101245 img3101246 img3101244 img3101249 img3101248 img31012410 img31012416 img3101243 img31012413 img31012415 img31012417 img31012418 img31012426 img31012427 img31012422 img31012420 img31012419 img31012428 img31012425 img31012424 img31012423 img31012414 img31012421