ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំ...

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បន្តចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនង់ស្ទឹងព្រែកត្នោត

ថ្ងៃចេញផ្សាយ: Saturday, October 30, 2021, 6:13 PM

img30102113 img30102114

 

 

 

 

 

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បើទោះបី ទឹកជំនន់ស្ទឹងព្រែកត្នោតបានស្រកទៅអស់ពិតមែន ប៉ុន្តែក្នុងនាមអាជ្ញាធរ នៅតែតាមមើលថែបងប្អូនប្រជាពលរដ្ឋជានិច្ច មានន័យថា លុះត្រាបងប្អូនប្រជាពលរដ្ឋបានសុខស្រួលជាធម្មតាវិញ ទើបយើងអាចលែងដៃបាន។ នេះជាការគិតគូរមួយ ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលការងារសំខាន់ទី១គឺសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយ ដែលយើងមិនដឹងនោះទេ។

            ការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៨៦៩គ្រួសារ ស្ថិតក្នុងមូលដ្ឋានសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា រដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ អាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសកល គូបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហែងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្តាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើនពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្តាខណ្ឌជាយក្រុង ជាពិសេស ខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។ ជាក់ស្តែង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងសង្កាត់គងនយ  ហើយនៅថ្ងៃទី២៥ និងទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀងបានបន្តហូរជន់លិចភូមិចំនូន ៤ នៅសង្កាត់ទៀន និងភូមិចំនួន ៦ ទៀត នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្ដម អភិបាលរាជធានីបន្តទៀតថា៖ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ ក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីសម្ដេចតេជោនាយករដ្ឋមន្ត្រី កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ពោលគឺមិនមានប្រជាពលរដ្ឋណាមួយរងគ្រោះដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបង្កើនការយកចិត្តទុកដាក់ផ្ដល់នូវអំណោយមនុស្សធម៌របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះជាបន្តបន្ទាប់ ដោយគ្មានការរើសអើង ឬ ប្រកាន់បក្សពួកឡើយ។ ឯកឧត្តមបញ្ជាក់ថា៖ជាក់ស្ដែងថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តផ្តល់អំណោយមនុស្សធម៌មករដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៨៦៩គ្រួសារ ស្ថិតក្នុងភូមិសាក់សំពៅ, ភូមិខិ្វត, ភូមិសំបូរ, ភូមិក្រាំងតាផូ, ភូមិពាម និងភូមិពោធិ៍រលំ នៃសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក្នុងនោះ អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន មី ១កេស, ត្រីខ ១ យូរ, ទឹកស៊ីអ៊ីវ ១ យូរ និង អង្ករ ១ បាវ។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ សូមបន្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយត្រូវអនុវត្តនូវរាល់វិធានការទាំងឡាយ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីចៀសឆ្ងាយផុតពីជំងឺកូវីដ-១៩ ។

            លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរជន់លិចលំនៅឋាន ចំនួន១០សង្កាត់ស្មើនឹង៣៥ភូមិ ។ ចំណែកនៅក្នុងសង្កាត់សាក់សំពៅនេះ ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ៨៦៩ខ្នង ស្មើនឹងប្រជាពលរដ្ឋ ២.៣២៧នាក់ បានទទួលរងនូវការលិចលង់៕

img3010216 img3010215 img3010218 img3010217 img30102111 img3010219 img30102115 img30102112 img30102118 img30102110 img30102116 img30102117 img30102125 img30102121 img30102123 img30102122 img30102120 img30102119