សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសតំបន់ក្រហម
ថ្ងៃចេញផ្សាយ: Friday, April 30, 2021, 2:53 PM
នៅព្រឹកថ្ងៃទី៣០ មេសា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តាខណ្ឌចំនួន ៤ រួមមាន ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
ការបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រៀបចំឡើងក្នុងទីតាំងមូលដ្ឋាន កងទ័ពកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថាៈ ការផ្សព្វផ្សាយប្រគល់ភារកិច្ចដល់ក្រុមការងាររៀបចំចាក់វ៉ាក់សាំងជូនបប្រជាពលរដ្ឋដែលជាទ្រង់ទ្រាយធំនៅក្នុងតំបន់ដែលមានហានិភ័យ ចាប់ដំណើរការចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២១ តទៅ ដែលមានគណៈកម្មការចំពោះកិច្ចបានប្រគល់ឲ្យកងយោធពលខេមរភូមិន្ទ ទទួល ខុសត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួនបួន គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
សម្តេចពិជ័យសេនាបញ្ជាក់ថាៈ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ ក្នុងតំបន់ហានិភ័យនេះ គឺជាក្តីសង្ឃឹមនិងជឿជាក់មួយទៀត សម្រាប់ប្រយុទ្ធប្រឆាំងជាមួយនិងកូវីដ-១៩ ដែលជាជំងឺរារាតត្បាត៏កាចសាហាវនេះ។
គួរបញ្ជាក់ថាៈ យោងតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម និងបើកយុទ្ធនាការពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ។