ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ...

ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី

ថ្ងៃចេញផ្សាយ: Friday, August 27, 2021, 2:48 PM

img2782115 img278217

 

 

 

 

 

            ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះការ​លួច​បើក​ក្លឹបកំសាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីឈានទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ។

            ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប គឺខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

            ក្នុងពីធីនោះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់ជាអភិបាល នៃគណៈអភិបាលខណ្ឌឬស្សីកែវ ចំណែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ  ត្រូវបានផ្ទេរមកកាន់ជាអភិបាល នៃគណៈអភិបាលខណ្ឌទួលគោកវិញ។

            ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួនបាននឹងកំពុងលួចបើកក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អោយបាននូវក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងនេះ។

            ឯកឧត្តមបញ្ជាក់ថា ៖ យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩  ពិសេសវីរុសបំលែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញនៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស។

            ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យអភិបាលខណ្ឌទាំងអស់មានការធ្វើល្បាតនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់បាននូវការជួបជុំ ការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមពីលើនេះទៀត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អប្រសើរ ពិសេសទប់ស្កាត់ឱ្យបាននូវការចូលមកវិញនូវបែត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។

            ជាងនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាល នៃគណៈអភិបាលខណ្ឌទាំងពីរអនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យ នៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នាឱ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនឹងការខិតខំធ្វើការដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត។

            លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សូកែវថ្មី ក្នុងឱកាសនោះក៏បានធ្វើការប្តេជ្ញាចិត្ត ដោយគាំទ្រសម្តេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ ,សាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញការងារ និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវឱ្យបានរីកចំរើនថែមទៀត៕

img2782116 img2782129 img2782127 img2782125 img2782124 img2782122 img2782114 img278215 img278216 img2782112 img2782111 img2782110 img278219 img278214 img278211img278213