ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជ...

ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩

ថ្ងៃចេញផ្សាយ: Friday, July 02, 2021, 3:25 PM

img2721a1 img2721a6

 

 

 

 

 

                    បើទោះបីរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។

ជាក់ស្ដែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារ ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័។

លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះថា៖ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហា​លិចលង់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននឹងកំពុងធ្វើសកម្មភាព ស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។

លោក ដួង ចាន់សារ៉ាត់  បានបន្តថា ៖ ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២និងចោមចៅទី១នៃខណ្ឌពោធិសែនជយ័ ។ ប្រឡាយនេះមានប្រវែង ៦.១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រ ទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាង និងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅទី២ និងចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដេីម ។

លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ហើយបើគិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២.៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។

ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការ គឺ ប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ៕

img2721a2 img2721a3 img2721a4 img2721a5