ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩
ថ្ងៃចេញផ្សាយ: Friday, July 02, 2021, 3:25 PM
បើទោះបីរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងការស្តារប្រឡាយ លូ ការស្ថាបនាលូថ្មីៗជាដើម ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។
ជាក់ស្ដែងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារ ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះថា៖ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននឹងកំពុងធ្វើសកម្មភាព ស្តារប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២ និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា។
លោក ដួង ចាន់សារ៉ាត់ បានបន្តថា ៖ ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅទី២និងចោមចៅទី១នៃខណ្ឌពោធិសែនជយ័ ។ ប្រឡាយនេះមានប្រវែង ៦.១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រ ទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាង និងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅទី២ និងចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោរួមមានសង្កាត់ព្រៃសជាដេីម ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ទៀតថា៖ ការងារស្តារប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ហើយបើគិតត្រឹមថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលស្តារបានប្រវែង ២.៥០០ម៉ែត្រ ស្មើនឹង៤០%នៃផែនការ ។
ការងារស្តារប្រឡាយទួលពង្រទី២នេះ តាមផែការ គឺ ប្រេីប្រាស់រយៈពេលចំនួន៣ខែ ដោយគ្រោងនឹងស្តារបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ៕