ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើឱ្យ...

ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយសាខាពន្ធដារ ដើម្បីគៀងគរការប្រមូលពន្ធ ចូលរដ្ឋកាន់តែល្អប្រសើរ

ថ្ងៃចេញផ្សាយ: Wednesday, April 27, 2022, 7:52 PM

img264227 img264226

 

 

 

 

 

           អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម  ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវសហការឱ្យបានល្អជាមួយសាខាពន្ធដារខណ្ឌទាំងអស់ ដើម្បីឱ្យការងារគៀងគរ ប្រមូលពន្ធចំណូលចូលរដ្ឋកាន់តែល្អប្រសើរ ពោលគឺបើមានបញ្ហាអ្វីមួយត្រូវរួមគ្នាធ្វើការដោះស្រាយ ព្រោះថាការអភិវឌ្ឍន៍មូលដ្ឋានគឺពឹងផ្អែកលើថវិកាចំណូលរបស់ពន្ធដារនេះហើយ។

            ការស្នើបែបនេះរបស់ ឯកឧត្ដម  ឃួង ស្រេង បានធ្វើឡើងក្នុងពិធីប្រកាសកែសម្រួលភារកិច្ចនិងតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌចំនួន៦ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម  គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រមូលពន្ធ បើមានបញ្ហាខុសឆ្គងណាមួយអាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែរួមសហការគ្នាជាមួយសាខាពន្ធដារ ដើម្បីសម្រួលលើការប្រមូលពន្ធនេះឱ្យបានល្អប្រសើរ។ ការប្រមូលពន្ធគឺដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍប្រទេសជាតិរបស់យើងទាំងអស់គ្នាដូច្នេះយើងត្រូវតែរួមគ្នាដើម្បីសម្រួលលើកិច្ចការងារនេះឱ្យបានល្អប្រសើរ ។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកយើងបានអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាណាយ៉ាងណាក្តីត្រូវតែជំរុញឱ្យបន្តសកម្មភាពនេះ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

            ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងឱកាសនោះក៏បានលើកឡើងពីការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដែលតែងតែផ្តល់ការសហការជាមួយសាខាពន្ធដារតាមបណ្ដាខណ្ឌនិងមន្រ្តីពន្ធដារផ្សេងទៀតនាពេលកន្លងមកបានល្អ។ ឯកឧត្ដម ស្នើឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ បន្តជួយសាខាពន្ធដារឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីងាយស្រួលលើការប្រមូលពន្ធចូលរដ្ឋ។

            ពាក់ព័ន្ធនឹងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាខាពន្ធដារខណ្ឌទាំង៦រូបខាងលើនេះ ឯកឧត្ដម គង់ វិបុល បានធ្វើការណែនាំឱ្យប្រធានសាខាពន្ធដារទាំង៦រូប ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារលើការប្រមូលពន្ធចូលរដ្ឋ។ ឯកឧត្ដម បញ្ជាក់ថា មេដឹកនាំត្រូវតែមានការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ មេដឹកនាំត្រូវតែមានលក្ខណៈច្នៃប្រឌិតធ្វើយ៉ាងណា ប្រមូលពន្ធចូលរដ្ឋឱ្យបានកាន់តែកើនឡើង។ ថ្នាក់ដឹកនាំពន្ធដារ មានបញ្ហាត្រូវតែដោះស្រាយកុំទុកឱ្យរឿងរ៉ាវកាន់តែធំ ថ្នាក់ដឹកនាំសាខាពន្ធដារត្រូវតែមានការច្នៃប្រឌិតនិងកែទម្រង់នៃការដឹកនាំ បើមិនមានការច្នៃប្រឌិតនិងកែទម្រង់ទេគឺមានតែផ្លាស់ប្ដូរចេញ។

            គួរបញ្ជាក់ថា៖ មន្ត្រីរាជការពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ០៦ រូប ដែលត្រូវកែសម្រួលភារកិច្ច និងតែងតាំងខាងលើនេះរួមមាន៖

១. លោកស្រី គា រ៉ាមី បច្ចុប្បន្ន អនុប្រធានសាខាពន្ធដារខណ្ឌដូនពេញ ជាប្រធានសាខាពន្ធដារខណ្ឌមានជ័យ ជំនួសលោក នួន ថេរី ដែលចូលនិវត្តន៍។

២. លោក យិន ចិន្តាវុឌ្ឃ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌទួលគោក ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា ជំនួសលោក ប៊ុត ណុច ដែលទទួលភារកិច្ចថ្មី។

៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌដង្កោ ជាប្រធានសាខាពន្ធដារខណ្ឌទួលគោក ជំនួសលោក យិន ចិន្តាវុឌ្ឍ ដែលទទួលភារកិច្ចថ្មី។

 ៤- លោក សែម សាខន បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជាប្រធានសាខាពន្ធដារខណ្ឌ  ឬស្សីកែវ ជំនួសលោក ឆាយ សុវណ្ណា ដែលទទួលភារកិច្ចថ្មី។

៥. លោក មុត ណុច បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌ៧មករា ជាប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ជំនួសលោក សែម សាខន ដែលទទួលភារកិច្ចថ្មី។

៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធានសាខាពន្ធដារខណ្ឌឬស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែលទទួលភារកិច្ចថ្មី៕

img2642210 img2642223 img2642227 img2642226 img2642225 img264225 img2642213 img2642214 img2642222 img264228 img2642229 img2642220 img2642219 img2642218 img2642217 img2642216 img2642215 img264223 img264222 img264224 img264221img264229