ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រ...

ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវអនុវត្តអោយបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន

ថ្ងៃចេញផ្សាយ: Friday, December 27, 2024, 8:40 AM

img26122417 img2612241

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ​ខែធ្នូ ឆ្នាំ​២០២៤នេះនៅសាលារាជធានីភ្នំពេញ​ ឯកឧត្តម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឱ្យបានម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្កភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។

ការលើកឡើងរបស់ ឯកឧត្តម​ ឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កំរើកឡើងវិញក្នុងរយះពេលថ្មីៗនេះតាមមូលដ្ឋាន។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានឱ្យបង្កើត      គណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ដោយក្នុងខណ្ឌនិមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការ ពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ,ឆ្នោតឡូតូ,កន្ទុយលេខ ល្បែងជល់មាន់  ជាដើម ។

​          ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរស្រុកនៃខេត្តជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឱ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកំលាំងនៅជាមួយមានបញ្ហាត្រូវមានមុខជានិច្ច។ ទប់ស្កាត់ក្មេងទំនើងឱ្យបាន ដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។

ក្នុងនោះឯកឧត្តមអភិបាលក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូដើម្បីអាជ្ញាធរយើងចូលទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើរបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋ និងឯកជន។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានាគឺយើងត្រូវធ្វើជាប្រចាំឥតឈប់ទេ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ចំពោះករណីមុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះបានទទួលជ្រាបជាព័ត៌មានជាមុន ។

​          ក្នុងឱកាសនោះ ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបានយកគោលការណ៍រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ ទាំងសាលារៀនរដ្ឋ ឬឯកជន។ ឯកឧត្ដមឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌត្រូវដាក់កម្លាំងអន្តរាគមន៍លើការបង្ក្រាបក្មេងទំនើង។

​          ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយដែលគ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេសអាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “បើដឹងថាក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់”។ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៥ខាងមុខ។ ត្រូវប្រើយន្តការសង្កាត់ ភូមិ មើលថែបង្គោលភ្លើងសាធារណៈ ខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើងដូចនៅខណ្ឌមានជ័យបន្តទៀត។

​          ឯកឧត្ដមអភិបាល ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរក៏ត្រូវកំណត់ឱ្យបានច្បាស់ លាស់ដាក់ក្នុងកំរិតណា ទីតាំងណា ទំហំប៉ុណ្ណា និងត្រូវមានច្បាប់ត្រឹមត្រូវ។ ជាមួយគ្នានេះត្រូវចលនាប្រជាពលរដ្ឋឱ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាពនៃកម្ពុជាក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សំរាប់ពិធីនាថ្ងៃទី២៩ខាងមុខជាបញ្ហាចាំបាច់បំផុតឱ្យកាន់តែបានល្អប្រសើរ៕

img2612241 img2612242 img26122420 img26122416 img26122411 img26122410 img26122419 img26122418 img2612249 img2612248 img2612247 img2612246 img26122414 img26122415 img2612245 img2612244 img26122413 img26122412