ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចា...

គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរាជធានីភ្នំពេញសម្រេចយកការកៀរគរ ការបរិច្ចាថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code

ថ្ងៃចេញផ្សាយ: Wednesday, July 27, 2022, 9:21 AM

img26072211 img26072215

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ។  

            ដើម្បីឱ្យដំណើរនៃការទទួលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យនេះបានកាន់តែខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានី និងអង្គភាពនានាចំណេុះ   រដ្ឋបាលធានីភ្នំពេញ មកប្រជុំនៅសាលារាជធានីភ្នំពេញ ។

            ឯកឧត្ដម  ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការប្រជុំនេះធ្វើឡើងដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយយើងសម្រេចរៀបចំប្រមូលថវិកាតាមរយៈប្រើប្រាស់ QR Code ទៅដាក់នៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាទីប្រជុំជនកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ ភោជនីដ្ឋានជាដើម ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមជាថវិកាដោយស្ម័គ្រចិត្ត ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។

   ឯកឧត្ដម ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះ ក៏បានបញ្ជាក់ផងដែរថា ការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង រហូតឱ្យអាជ្ញាធររាជធានី និងខេត្ត ទាំងអស់បង្កើតនូវមូលនិធិនេះឡើង ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ​ខណៈដែល មន្ទីរពេទ្យនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមរាជធានីខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

            ឯកឧត្ដម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែលថា ការងារនេះ ត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីអនុវត្ត គឺមិនបង្ខិតបង្ខំ ធ្វើឡើងដោយការស្ម័គ្រចិត្ត របស់បុគ្គលនីមួយៗ។ ត្រូវបន្តការផ្សព្វផ្សាយការងារនេះឱ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានស្ម័គ្រចិត្តចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។

            គួរបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង ដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន  ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ ជាសមាជិក។

            គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ រាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួម បរិច្ចាគរួមមាន ឈ្មោះ(ភាសាខ្មែរ និងអក្សរឡាតាំង) ភេទ ចំនួន ថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់សប្បុរសជនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈឱ្យបានទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា៕

img26072213 img26072211 img26072217 img26072219 img26072222 img26072221 img26072220 img26072216 img2607229 img26072214 img26072212 img2607228 img2607227 img2607226 img2607225 img2607224 img2607223 img2607222 img2607221 img26072218