ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលរងខណ្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងទាន់ពេលវេលា

ថ្ងៃចេញផ្សាយ: Thursday, August 25, 2022, 4:59 PM

img258225 img258226

 

 

 

 

 

         ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យរបស់ប្រជាពលរដ្ឋឱ្យបានតាមសេចក្តីត្រូវការ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដូច្នេះនៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើនចំនួនអភិបាលរងខណ្ឌបន្ថែមនាពេលនេះ គឺពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ ដើម្បីបង្កើនប្រសិទ្ធភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរ ទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងការជីកប្រឡាយ ធ្វើលូ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋបានកាន់តែសកម្ម លឿនរហ័ស និងប្រកប ដោយគុណភាព។

ឯកឧត្តមបន្តថា ការបង្កើនប្រសិទ្ធភាពការងារនេះ គឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រទេសស៊ីវិល័យ ខណៈដែលបច្ចុប្បន្ននេះប្រជាជនកម្ពុជាមានភាពស៊ីវិល័យច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយឡែកក្នុងរាជធានីភ្នំពេញ ក៏កាន់តែមានភាពស៊ីវិល័យផងដែរ ទាំងការរស់នៅនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះទៀតតម្រូវការក៏កាន់តែមានភាពឈានឡើង ដូច្នេះការបម្រើសេវាគ្រប់សព្វបែបយ៉ាងក្នុងរាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌ ត្រូវតែបង្កើនល្បឿននិងប្រសិទ្ធភាព ព្រមទាំងប្រសិទ្ធផល ឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងចៅសង្កាត់ទាំងអស់ គឺបន្តខិតខំប្រឹងប្រែង និងត្រៀមលក្ខណៈ ដើម្បីបំពេញបន្ថែមនូវ  សេវាសាធារណៈជូនប្រជាពលរដ្ឋតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការអភិវឌ្ឍការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែទំនើប ជឿនលឿន និងមានភាពងាយស្រួលបំផុត។

សូមបញ្ជាក់ថា  នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋ បាលនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា ក្នុងរាធានីភ្នំពេញនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ រួមមានការផ្ទេរភារកិច្ចមន្រ្តីរាជការចំនួន១២រូប ជាអភិបាលរងខណ្ឌ តែងតំាងមន្រ្តីរាជការចំនួន៣៦រូប ជាអភិបាលរងខណ្ឌ  ផ្ទេរអភិបាលរងខណ្ឌចំនួន៥រូប ទៅបំរើការងារ នៅរដ្ឋបាលរាជធានីភ្នំពេញ និងតែងតំាងប្រគល់ភារកិច្ចដល់មន្រ្តីរាជការចំនួន១០រូប ជានាយករដ្ឋបាលក្នុងរចនាសម័្ពន្ធរដ្ឋបាលខណ្ឌនានានៅរាជធានីភ្នំពេញ៕

img2582282 img2582229 img258227 img258224 img2582230 img2582216 img258222 img258221 img2582220 img2582219 img2582218 img2582217 img2582284 img2582285 img2582226 img2582227 img2582224 img2582225