ក្រុមហ៊ុន ជីប ម៉ុង ប្រគល់ទឹកបរិសុទ្ធចំនួន ៥.០០០ កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣
ថ្ងៃចេញផ្សាយ: Saturday, November 25, 2023, 1:09 PM
ទឹកបរិសុទ្ធចំនួន ៥.០០០ កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
ពិធីប្រគល់ ទទួលនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ៥.០០០ កេស ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។
តាមរយៈអំណោយខាងលើ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរជូនដល់មន្ត្រីរាជការ និងកងកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដែលមកទស្សនា កំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣៕