ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ មាន...

នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ នៅរាជធានីភ្នំពេញ មានប្រមាណ ២៦.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ហើយវានឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣៥

ថ្ងៃចេញផ្សាយ: Tuesday, May 24, 2022, 2:48 PM

img2452230 img2452235

 

 

 

 

 

            យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២៦.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ និងបានបន្តកើនឡើងជាលំដាប់។ តាមការប៉ាន់ស្មាននៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស ដែលមិនធ្វើឱ្យប៉ះពាល់បរិស្ថាន។

            នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម និងលោក ព្យែរ ប៊ែយ៉េ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់” មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ រាជធានីភ្នំពេញនាពេលបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង ទាំបែបទូលាយ និងបែបជម្រៅ ក្នុងនោះ ព្រំប្រទល់រដ្ឋបាលត្រូវបានពង្រីកពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណ ៣លាននាក់។ ទន្ទឹមនឹងនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានតម្រង់ទិសនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងរាជធានីភ្នំពេញ ឱ្យយកចិត្តទុកដាក់ដោះស្រាយ ការកកស្ទះ៖ ០៣ យ៉ាង នោះគឺ “ទី១-ការកកស្ទះចរាចរណ៍, ទី២-ការកកស្ទះ លូ-ប្រឡាយ និងទី៣-ការកកស្ទះសំរាម” ព្រោះថា ជាកត្តាសត្យានុម័ត សេដ្ឋកិច្ចជាតិកើនឡើង, ទីក្រុងកាន់តែរីក, ប្រជាជនកាន់តែច្រើន, សម្ភារៈប្រើប្រាស់កាន់តែសំបូរបែប ដូច្នេះ ការផ្តល់សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ ក៏ត្រូវមានការកើនឡើងដោយចៀសមិនរួច។

            ឯកឧត្ដមបន្តថា យោងតាមការសិក្សា នៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនត្រឹមតែ ២៦.០០០ម៉ែត្រគូប ក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្ទាន នៅឆ្នាំ២០៣៥ សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ ៣៣០.០០០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើងជិត ១៣ ដង ដូច្នេះទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះ ឱ្យបានត្រឹមត្រូវ ស្របតាមស្តង់ដាបច្ចេកទេស។

            ឯកឧត្ដមបន្តថា “នេះហើយគឺជាកម្ពុជាពិត” ដែលក្នុងពេលអតីតកាល យើងគ្មានឡើយតម្រូវការស្ថានីយប្រព្រឹត្តកម្មប្រភេទនេះ ព្រោះប្រជាជនយើងមានជីវភាពខ្វះខាត គា្មនអាហារបរិភោគគ្រប់គ្រាន់ និងគ្មានឡើយស្តង់ដារស់នៅ។ ប៉ុន្តែក្នុងសម័យតេជោ ជីវភាពប្រជាជនយើងកាន់តែមានភាពល្អប្រសើរ នឹងមានអាហារបរិភោគគ្រប់គ្រាន់ ដូច្នេះ៖ ស្តង់ដានៃការរស់នៅក្នុងទីក្រុង ក៏ត្រូវតែលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងជាលំដាប់ផងដែរ។ រាជធានីភ្នំពេញ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីលើកកម្ពស់អនាម័យសាធារណៈ ឆ្លើយតបទៅនឹងអត្រាកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ការពង្រីកទីក្រុង និងការកើនឡើងផ្នែកជីវភាព តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះគម្រោងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន ៣ រួមមាន (ទី១) អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ (ទី២) អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី និង (ទី៣) អត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬ អាចនិយាយបានថា “យកសំណល់ គ្រប់គ្រងសំណល់”។

            លោក ព្យែរ ប៊ែយ៉េ បានមានប្រសាសន៍លើកឡើងផងដែរ ការរៀបចំអាងប្រព្រឹត្តកម្មសំណល់ភក់បង្គន់នេះ ជាគោលនយោបាយមួយធ្វើឱ្យប្រសើរឡើង នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅភ្នំពេញ ប្រកបដោយសុខមាលភាព ដោះស្រាយបំរែលបំរួលអាកាសធាតុ។ សំណល់ភក់បង្គន់នេះនឹងប្រែក្លាយទៅជាជីសំរាប់បងប្អូនប្រជាពលរដ្ឋធ្វើកសិកម្ម ហើយវានឹងផ្តល់ការងារជូនក្រុមហ៊ុនតូចតាច មានការងារធ្វើផងដែរ៕

img245222 img245224 img245223 img245221 img2452220 img2452238 img2452210 img245229 img2452215 img2452214 img2452233 img2452232 img2452219 img2452218 img245227 img2452217 img245226 img245225 img2452213 img2452212 img2452239 img2452237 img2452236 img2452234 img2452216 img2452211 img2452240 img2452226 img2452227 img2452225 img2452223 img2452221 img2452222 img2452224