ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង ជូនរដ្ឋប...

ជប៉ុនប្រគល់រថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Monday, January 24, 2022, 3:09 PM

img24012223 img24012231

 

 

 

 

 

            រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន ៤គ្រឿង ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោម​ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ)។

            ពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន ៤គ្រឿងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម  មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

            ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវអំណោយ ជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាលបច្ចេកទេសជូនដល់អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន” ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ឯកឧត្ដមបន្តថា ៖ គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យ ក៏ត្រូវបានជូបប្រទះនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិត ថែមទៀតផង។ បើផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ សភាពការណ៍គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើង ចំនួន ១៣០លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២នាក់, របួសចំនួន ២៣នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ដូចជា ឆេះផ្ទះ ២៨ខ្នង, ឃ្លាំង-រោចក្រ ១០កន្លែង, បន្ទប់ស្នាក់នៅ ៣៦បន្ទប់, រថយន្ត ៣៦ គ្រឿង, យានយន្ត គ្រឿងចក្រ និងសម្ភារៈ-បរិក្ខារមានតម្លៃជាច្រើនទៀត។

            ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តថា ៖ ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ រាជធានីភ្នំពេញ ក៏កំពុងប្រឈមទៅនឹងការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និងបណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ។ ដូច្នេះការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុងបានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

            ឯកឧត្ដម បន្តទៀតថា សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុនបានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ ជាប្រភេទរថយន្តពន្លត់អគ្គិភ័យ ដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិដែលមាន ចំនួនសរុប ៤គ្រឿង ក្នុងនោះរួមមាន រថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់ ៤០ម៉ែត្រ ចំនួន ១គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ. បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់បងប្អូនកងកម្លាំងពន្លត់អគ្គិភ័យកាន់តែប្រសើរឡើង។

            ក្នុងឱកាសនោះដែរ ឯកឧត្ដម  មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍លើកឡើងផងដែរថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះ បានបរិច្ចាគដោយរដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុនតាមរយៈជំនួយឥតសំណង គម្រោងគូសាណូណិដោយមានកិច្ចសហប្រតិបត្តិការពី អង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រថយន្តពន្លត់អគ្គិភ័យវានឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ។

ឯកឧត្ដម ឯកអគ្គរាជទូត ប្រាកដថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរណ៍ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ៕

img24012218 img24012215 img24012224 img24012222 img24012221 img24012220 img24012211 img24012219 img2401228 img2401223 img2401227 img2401225 img2401229 img24012210 img2401222 img2401226 img24012228 img24012227 img24012243 img24012242 img24012241 img24012240 img24012239 img24012238 img24012237 img24012236 img24012235 img24012234 img24012233 img24012232