រដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)
ថ្ងៃចេញផ្សាយ: Monday, May 23, 2022, 2:56 PM
រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) លើការងារផែនការត្រៀមបំរុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង(AIMF) នៅសាលារាជធានីភ្នំពេញ។
កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)រួមមាន៖ លើការងារផែនការត្រៀមបំរុងសំរាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាត និងមានចីរភាព។
ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង (AIMF) ដឹកនាំដោយលោកព្យែរ ប៊ៃយ៉េនេះ ធ្វើឡើងគោលបំណងចំនួន៣ ដែលមានដូចជា៖
១- ការអនុម័តលើការងារនៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុងអាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការយុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាពអឺរ៉ុប។ ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានីភ្នំពេញ។
២- ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប,សាងសង់មជ្ឈមណ្ឌល សហគមមួយកន្លែងនៅរាជធានីភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។
៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សហភាពអឺរ៉ុប, ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប, និងស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសមាគម AIMF លើកទី៤០ នៅរាជធានីភ្នំពេញ។ នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិក សមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។
គួរបញ្ជាក់ថា៖ រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិកការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោមសមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា សមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅការិយាល័យអចិន្ត្រៃយ៍នេះ៕