ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ បច្ចុប្បន្នមានលក្ខណៈល្អប្រសើរជាងមុនច្រើន
ថ្ងៃចេញផ្សាយ: Thursday, February 24, 2022, 8:50 AM
នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាមចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋផងដែរនោះ។
នេះបើតាមការបញ្ជាក់ពី ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើញទទួលធុងសំរាមពីក្រុមហ៊ុន កូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការអប់រំប្រជាពលរដ្ឋ ឱ្យបានយល់ដឹងពីការទុកដាក់ ការញែកសំរាម សំណល់រឹង ទៅតាមប្រភេទរបស់វាដែលធ្វើឱ្យទីក្រុងភ្នំពេញរបស់យើងស្អាតជាងមុនមួយកម្រិតទៀត។
ឯកឧត្ដមបន្តថា នៅតំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ប្រកួតប្រជែងគ្នា លើការប្រមូលសំរាមដែលធ្វើឱ្យរាជធានីភ្នំពេញ មានសោភ័ណភាព មានបរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ យ៉ាងសស្រាក់សស្រាំផងដែរ ដែលធ្វើឱ្យទីក្រុងភ្នំពេញកាន់តែមានភាពស្រស់ស្អាត និងមានបរិស្ថានល្អ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការរីករាយសប្បាយចិត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម នួន ផារ័ត្ន ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដូចជាវិស័យឯកជនចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀត លើការទុកដាក់សំរាម ដើម្បីឱ្យភ្នំពេញរបស់យើងកាន់តែមានសោភ័ណ្ឌភាព មានបរិស្ថានល្អប្រសើរជាងមុនបន្ថែមទៀត។
សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់នៅទីតាំងសួនសាធារណៈមួយចំនួន នៅរាជធានីភ្នំពេញ៕