ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំព...

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រីត្រូវ ពង្រឹងសមត្ថភាពការងារឱ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន

ថ្ងៃចេញផ្សាយ: Tuesday, September 21, 2021, 6:01 PM

img219218 img219212

 

 

 

 

 

            ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារឱ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន ពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខក្នុងកិច្ចការងារទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ។

            ការណែនាំបែបនេះរបស់ ឯកឧត្តម កើត ឆែ បានធ្វើឡើងក្នុងពិធីតែងតាំងមន្ត្រីរាជការ៤រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

            ក្នុងពិធីនេះត្រូវបានប្រកាសតែងតាំង លោក ស៊ុក សង្វាពេជ្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ ជានាយករងរដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ជូ ម៉េងចាន់ ដែលត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល,  លោក តុប សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជានាយករងទីចាត់ការរដ្ឋបាល, លោក ជីវ សារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល និងលោក ថង វង្សសុវិទ្យា ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាល។

            ក្នុងឱកាសនោះ ឯកឧត្តម កើត ឆែ បានមានប្រសាសន៍លើកឡើងថា ការតែងតាំងមន្ត្រីរដ្ឋបាលរាជធានីខាងលើនេះ ធ្វើឡើងក្រោយពី លោក ជូ ម៉េងចាន់ នាយករងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទៅកាន់តំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ ឯកឧត្តមបន្តថា ការតែងតាំងមន្ត្រីនេះ គឺយើងមើលទៅលើសមត្ថភាពការងារនិងប្រសិទ្ធភាពការងាររបស់មន្ត្រីយើង។ ការតែងតាំងនេះធ្វើឡើងឱ្យត្រូវតាមច្បាប់ផង និងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារផង។

            ឯកឧត្តម កើត ឆែ ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ ចូលរួមទប់ស្កាត់នៅជំងឺកូវីដ-១៩ ដើម្បីឱ្យរាជធានីភ្នំពេញរបស់យើង បានវិលទៅរកប្រក្រតីភាពឡើងវិញ។ ត្រូវបំពេញការងារ​ឱ្យបានម៉ឺងម៉ាត់ និងមិនត្រូវគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន មានឆន្ទៈក្នុងការងារ ត្រូវពង្រឹងសមត្ថភាពការងារឱ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន ជាមួយនឹងការសាម្គីភាព ឯកភាពផ្ទៃក្នុងអោយបានល្អ ទើបការងារទទួលបានជោគជ័យ៕

img2192116 img219219 img219216 img219217 img2192115 img2192110 img2192113 img2192112 img219211 img2192114 img219215 img219214