ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលមហាវ...

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលមហាវិថីឈ្នះឈ្នះ ប្រវែងជាង៧គីឡូម៉ែត្រ ឱ្យរួចរាល់នៅមុនការប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំ២០២៣

ថ្ងៃចេញផ្សាយ: Thursday, July 21, 2022, 8:49 AM

img2072211 img207228

 

 

 

 

 

            រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

            ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះនេះ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃ​គណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឱ្យស្អាត ជាមួយនឹងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើឱ្យបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។

            ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនឹងការដាក់លូ ដែលអាចឱ្យទឹកហូរមិនមានដក់លើផ្លូវ។

            ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖ កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧.៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែករួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦ រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតសងខាងផ្លូវ ជាមួយនឹងការការងារគូសគំនូសសញ្ញាចរាចរណ៍ តម្លើងផ្លាកសញ្ញាចរាចរ តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវ និងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។

            គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយ ឈ្មោះពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។ ស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង៕

img207223 img207226 img2072213 img207227 img2072217 img2072216 img2072220 img2072219 img2072212 img2072215 img207229 img2072211 img207225 img207224 img207221 img2072214