ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤

ថ្ងៃចេញផ្សាយ: Wednesday, April 20, 2022, 4:43 PM

img20042215 img20042216

 

 

 

 

 

         នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាង ឯកអគ្គរដ្ឋ ទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលរដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨,២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤,៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ ដែលបានអញ្ជើញមកសម្ពោធសមិទ្ធផលថ្មីៗដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុននាថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅភ្នំពេញនេះ ថ្វីត្បិតតែអស់ថវិកាច្រើន តែវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ និងការកកស្ទះសំរាមជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា(JICA) ដែលបានសិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងការកែលំអប្រព័ន្ធប្រឡាយ-លូ នៅកម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចតេជោ  ហ៊ុន  សែន   នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏បានអរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា និងអបអរសាទរចំពោះសមិទ្ធផលនានាក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ-ប្រព័ន្ធប្រឡាយ ក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ និងបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំថ្មីនេះ៕

img2004222 img2004221 img20042214 img20042213 img20042215 img2004228 img20042212 img20042211 img20042210 img2004229 img2004227 img2004226 img2004225 img2004223