ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញ...

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ

ថ្ងៃចេញផ្សាយ: Tuesday, February 21, 2023, 9:16 AM

img2022310 img202238

 

 

 

 

 

         ការជំរុញបែបនេះរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងខណៈឯកឧត្តមដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ  ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងអនុវត្តធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានភាពស្រស់បំព្រង ជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ការងាររៀបចំរាជធានីភ្នំពេញនេះ មិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ ដូច្នេះយើងត្រូវអនុវត្តការងារនេះឱ្យបានល្អប្រសើរបំផុត។ ឯកឧត្តមបញ្ជាក់ថា កន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀតទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

            ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា៖ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភាខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យនិងមានមោទនភាពទាំងអស់គ្នា។

             ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខជូនកីឡាករនិងភ្ញៀវទាំងអស់ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕

img2022316 img202236 img202233 img202232 img202234 img202231 img2022315 img2022312 img2022314 img2022313 img202239 img202237 img202235 img2022311