ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ៖ប្រទេសជាតិមានសុខសន្...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ៖ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍលំនៅដ្ឋាន កាន់តែប្រសើរឡើង មានក្រុមហ៊ុនបណ្ដាក់ទុនរកស៊ីយ៉ាងច្រើននៅកម្ពុជា

ថ្ងៃចេញផ្សាយ: Saturday, March 19, 2022, 2:23 PM

img193227 img1932211

 

 

 

 

 

              ដោយសារប្រទេសជាតិមានសុខសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនឹងនេះការអភិវឌ្ឍលំនៅដ្ឋាន ក៏កាន់តែប្រសើរឡើងផងដែរ។ សន្តិភាពនេះហើយដែលធ្វើឱ្យក្រុមហ៊ុនឯកជនមានការបណ្ដាក់ទុនរកស៊ីយ៉ាងច្រើននៅកម្ពុជា មិនថានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បង្កើតបាននូវការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋមានជីវភាពធូរធា។

             នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមអញ្ជើញក្នុងពិធីសំណះសំណាលជាមួយបុគ្គលិក កម្មករ កម្មការិនី ដែលកំពុងបំពេញការងារក្នុងការដ្ឋាន និងត្រួតពិនិត្យគុណភាពសំណង់ បុរីមេគុង្គលែន តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍក្រុមហ៊ុនសំណង់មិនថានៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនោះទេ គឺសុទ្ធតែបង្កើតបាននូវការងារធ្វើជូនប្រជាពលរដ្ឋយើង។ តែបើប្រទេសជាតិ មានអសន្តិសុខ គឺមិនមានអ្នកចូលមកធ្វើការវិនិយោគនោះទេ ជាក់ស្តែងដូចជានៅប្រទេសអ៊ុយក្រែន មានបញ្ហាជាមួយរុស្ស៊ី គឺមិនមានក្រុមហ៊ុនណាហ៊ានទៅរកស៊ីនៅក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។

            ឯកឧត្ដម ឃួង ស្រេង បន្តទៀតថា ក្រុមហ៊ុនមានឱកាសរកស៊ី បង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើគឺដោយសារតែប្រទេសជាតិយើងមានសន្តិភាព ហើយសន្តិភាពនេះ បានមកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះស្នើឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់រួមគ្នារក្សាឱ្យបានគង់វង្សនូវសន្តិភាពសម្រាប់កម្ពុជា។

            ឯកឧត្ដមបញ្ជាក់ផងដែរថា កម្មករ កម្មការិនី និងម្ចាស់ក្រុមហ៊ុន គឺប្រៀបបានអណ្ដាតនឹងធ្មេញដែលយើងត្រូវរួមគ្នា ដើម្បីឱ្យក្រុមហ៊ុនរីកចំរើន បើក្រុមហ៊ុនរីកចម្រើនយើងក៏រីកចំរើនដែរ។

            លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយក នៃបុរីមេគង្គលែន បានមានប្រសាសន៍លើកឡើងថា៖ បុរីមេគង្គលែនបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងខ្លាំងក្លា តាមរយៈការផ្តល់ជូននូវការងាររាប់ពាន់កន្លែង និងបង្កើនបន្ថែមជារៀងរាល់ឆ្នាំ តួយ៉ាងឆ្នាំ២០១៩ យើងមានបុគ្គលិក និងកម្មករ សរុបជាងមួយពាន់នាក់ ឆ្នាំ២០២០ បង្កើនទៅជា២ពាន់នាក់ រហូតមកដល់បច្ចុប្បន្ន។ ជាពិសេសក្នុងកំឡុងវិបត្តិកូវិត-១៩ យើងមិនបោះបង់ចោលក្រុមការងារយើង ដោយចូលរួមជាមួយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បើកប្រាក់បៀវត្តន៍ជូនពេញលេញ ហើយថែមទាំងយកចិត្តទុកដាក់យ៉ាងខ្ពស់ទៅលើសុខភាពអនាម័យ ការផ្តល់ជាការឧបត្តម្ភស្បៀង ថវិកា ការធ្វើតេស្តរហ័សជាប្រចាំ និងការលើកទឹកចិត្តឱ្យចាក់វាំសាំងទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវិត-១៩។ បានចូលរួមលើកកម្ពស់គុណភាពសំណង់ និងបរិស្ថាន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត សំណង់ដែលប្រើប្រាស់វត្ថុធាតុដើមរឹងមាំ តាមស្តង់ដារបច្ចេកទេសខ្ពស់  និងការរៀបចំប្រព័ន្ធប្រព្រឹត្តឹកម្ម ប្រព័ន្ធការពារកណ្តៀរ ប្រព័ន្ធការពារឆក់។ល។ ហើយថ្មីៗនេះ យើងបានឈ្នះនូវពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ប្រចាំតំបន់អាស៊ី ទៅលើម៉ូតផ្ទះ និងគុណភាពសំណង់ផងដែរ។ បានចូលរួមសកម្មភាពសប្បុរសធម៌ជាមួយអង្គការសប្បុរសធម៌នានា ឥតឈប់ឈរ ដើម្បីចូលរួមរំលែកបន្ទុកសង្គម៕

img193222 img193221 img193224 img193223 img193229 img193228 img193227 img1932210 img193226 img193225