ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រឡាយទឹកស្អុយលូ៥ បានក្លាយជាសួនដ៏ស្រស់ស្អាតនិងជ...

ប្រឡាយទឹកស្អុយលូ៥ បានក្លាយជាសួនដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ថ្ងៃចេញផ្សាយ: Friday, March 18, 2022, 8:11 PM

img183221 img183223

 

 

 

 

 

            ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។

            សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម  នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម  ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្ដម  វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

            លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា៖ សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានផ្ទៃដីសរុប ២.៧៧៥ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ២២៩ម៉ែត្រ ទទឹង ១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ។ ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើននៅជុំវិញ។ កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយទឹកស្អុយ បើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន។ សួននេះសាងសង់ឡើងដោយប្រើប្រាស់រយៈពេល ០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧.៤៩៧ដុល្លា រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកា ចំនួន ៦.០០០ដុល្លា សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥.៤៩៧ ដុល្លា ។

            ឯកឧត្ដម  នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ៖ សួនសហគមន៍កុមារមេត្រីនេះមិនត្រឹមតែលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយផ្ដល់ឱ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បី សុខភាព។ ទោះបីជាយ៉ាងណាក្តី ឯកឧត្ដមសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការនៅលើសួនច្បារនេះឱ្យសោះ វានឹងនាំឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

            ឯកឧត្ដម នួន ផារ័ត្ន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិនដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀតមកដល់កម្ពុជា។   

             នៅក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើររបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយជំរុញឱ្យមន្ត្រីថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងចាត់វិធានការជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យបានល្អប្រសើរថែមទៀត។

            ឯកឧត្ដម  ឆាង ជាន បានមានប្រសាសន៍លើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រីវា មិនត្រឹមតែបានឱ្យក្មេងៗលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។

            ឯកឧត្ដម ឆាង ជាន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល   កម្ពុជាដែលបានគាំទ្រនូវគម្រោង នៃការសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង។ សួននេះវាពិតជាបានបង្កើតនូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕

img183227 img183226 img183228 img183229 img1832210 img183225 img183224 img183221