ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ត្រូវបានប្រកាសតែ...

អភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២

ថ្ងៃចេញផ្សាយ: Wednesday, August 17, 2022, 10:18 AM

img1782231 img1782230

 

 

 

 

 

            អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។

            ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម  ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

            អភិបាលរងរាជធានីភ្នំពេញចំនួន៣រូប ដែលត្រូវប្រកាសចូលកាន់តំណែងនេះ រួមមាន៖ ឯកឧត្ដម  ឃ្លាំង ហួត អតីតជាអភិបាលខណ្ឌជ្រោយចង្វារ មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម សុខ ពេញវុធ អតីតអភិបាលខណ្ឌដូនពេញ មកជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម  ហ៊ុន សុរិទ្ធី អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។

            ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យ អភិបាលរងរាជធានីភ្នំពេញទាំង ៣រូប ដែលត្រូវបានប្រកាសតែងតាំងថ្មីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឱ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល។ អនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។

            ឯកឧត្ដម  សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ  តែពេលនេះយើងបានប្រកាសតែងតាំងចំនួន៣រូបសិន នៅសល់មួយរូបទៀត យើងនិងរៀបចំឡើងបន្តទៀត។ ដូច្នេះទេ សម្រាប់អភិបាលរងទាំង៣រូបដែលបានតែងតាំងថ្មីនេះ ត្រូវបំពេញការងារឱ្យបានល្អជូនរដ្ឋបាលរាជធានី ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឱ្យរាជធានីភ្នំពេញកាន់តែរីកចំរើន និងកាន់តែមានសោភណ្ឌភាព។

            ឯកឧត្ដម  សក់ សេដ្ឋា ក៏បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម។ ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឱ្យបានល្អ និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។

            ឯកឧត្ដម  សក់ សេដ្ឋា បានបន្ថែមទៀតថា ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ ឯកឧត្តមស្នើឱ្យអាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឱ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ ឱ្យវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងជំរុញឱ្យក្រុមហ៊ុន ប្រមូលសំរាមទាន់ពេលវេលា បើទោះបីក្រុមហ៊ុនប្រមូលសំរាមទាំង៣ បានអនុវត្តការងារល្អជាងមុនហើយក្តី។

            គួរបញ្ជាក់ថា៖ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមកនេះមានចំនួន៦រូប ក្នុងនោះរួមមាន៖ ឯកឧត្ដម កើត  ឆែ ,ឯកឧត្ដម  មាន ចាន់យ៉ាដា, ឯកឧត្ដម ហួត ហៃ, លោកជំទាវ  កែវ សុខពិសី ,ឯកឧត្ដម ស៊ុយ សេរិទ្ធ និងឯកឧត្តម នួន ផារ័ត្ន។ តែពេលនេះត្រូវបានបន្ថែមឱ្យមកកាន់តួនាទីនេះចំនួន៣រូបបន្ថែមទៀត មានន័យថា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ពេលនេះមានចំនួន៩រូបហើយ ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខណៈដែលថ្នាក់ជាតិបានប្រតិភូកម្មវិស័យជាច្រើនមកឱ្យថ្នាក់ក្រោមជាតិអនុវត្តក្នុងការផ្តល់សេវាឱ្យកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ៕

img1782225 img1782231 img1782227 img1782226 img1782216 img1782215 img1782224 img1782223 img1782222 img1782213 img1782210 img1782214 img178225 img178226 img178224 img178228 img178227 img1782212 img1782211 img1782220 img178229 img178223 img178222 img178221 img1782233 img1782229 img1782228 img1782219 img1782218 img1782217 img1782230