ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពលរដ្ឋរស់នៅអគារបុរីកីឡា ១.២០០គ្រួសារ ទទួលបានប័ណ...

ពលរដ្ឋរស់នៅអគារបុរីកីឡា ១.២០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការមិនបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ

ថ្ងៃចេញផ្សាយ: Friday, February 17, 2023, 9:15 AM

img162237 img162234

 

 

 

 

 

             ដូចអ្វីដែលជាការរំពឹងទុក ពេលនេះបានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១.២០០ គ្រួសារ ទទួលបានការដូរដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើអោយពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។

            ក្នុងពិធី“ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង៨ អគារ”ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះបានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ត្រឹមតែរយៈពេល ១០ ថ្ងៃ ប៉ុណ្ណោះ ដែល រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារន លិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។

            ឯកឧត្ដម ឃួង ស្រេង បន្តថា៖ ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុង ដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១.២០០គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២បន្ទប់ ក្នុងអគារ ទាំង ៨ នេះ ថែមទៀតផង។

            ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង ១.៣៩២បន្ទប់នេះ គឺនៅសល់៤៦បន្ទប់ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើងនឹងនៅរងចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ។

            លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់អោយដឹងថា៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង ៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ។ នេះជាការខិតខំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម   ឃួង ស្រេង ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ ដូច្នេះសូមបងប្អូនថែរក្សាទុកដាក់ឲ្យបាន គង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះអាចផ្តល់នូវ អត្ថប្រយោជន៍ជាច្រើនតាមតម្រូវការរបស់បងប្អូន ឬធ្វើអំណោយសំរាប់កូនចៅទៅថ្ងៃអនាគត៕

img162232 img162231

 

 

 

 

 

 

 

 

img162233 img162235 img162236 img1622310 img1622313 img1622312 img1622311 img162238 img162239 img1622317 img1622321 img1622320 img1622319 img1622318 img1622322 img1622325 img1622324 img1622326 img1622327 img1622328 img1622329 img1622330 img1622331 img1622332 img1622333 img1622334 img1622335 img1622336 img1622337 img1622338 img1622339 img1622340 img1622341img162234