ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការតភ្ជាប់តួស្ពានដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ខាងមុខនេះ
ថ្ងៃចេញផ្សាយ: Monday, January 16, 2023, 3:21 PM
ការដ្ឋានសាងសង់ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំងស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពាន ហើយនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ។
ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបនេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣,៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែមក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ម៉ែត្រ , កម្ពស់នាវាចរក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ ។
ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះនឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។
គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ៕