ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យកងកម្លាំងមានសមត្ថកិច្...

ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ អោយទទួលបានជោគជ័យ

ថ្ងៃចេញផ្សាយ: Friday, September 15, 2023, 3:03 PM

img159233 img1592329

 

 

 

 

 

         ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឃួង ស្រេង បានណែនាំអោយកងកម្លាំង ប្រដាប់អាវុធ​ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តអោយបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

            ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពី​ឯកឧត្ដម​ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឧត្តម​សេនីយ៍​ឯក​ រ័ត្ន ស្រ៊ាង​ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងលោក​ លោកស្រី​ អភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

            ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្រ បញ្ចកោណ ៥នេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស​ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង​ ការអភិវឌ្ឍវិស័យឯកជន និងការងារ​ ការអភិវឌ្ឍប្រកបដោយភាពធន់​ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

            ឯកឧត្ដម​ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ  នាពេលនេះ គឺដើម្បីជំរុញអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់​ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយទទួលបានជោគជ័យ។ ក្នុងយុទ្ធសាស្ត្រ បញ្ចកោណនេះ គឺបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជំរុញការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រមិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកអោយប្រជាពលរដ្ឋស្លាប់ដោយអត់បាយ។ ការអនុវត្តវិធានការ ធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសំណង់មិនមានច្បាប់ជាដើម។

            ឯកឧត្ដម​ ឃួង ស្រេង ក៏បានជំរុញអោយកងកម្លាំងមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវសំលៀងកាំបិតអោយមុត ដើម្បីបង្ក្រាបល្បែងស៊ីសង និងគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការតៀមកម្លាំងដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ការត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនិងកឋិនទាន។

            បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម​ ឃួង ស្រេង​ ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ សូមសិក្សា ស្វែងយល់ឱ្យបានច្បាស់លាស់ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ហើយបើមិនយល់ត្រូវពិគ្រោះឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តអោយបានត្រឹមត្រូវនិងទទួលបានជោគជ័យ៕

img159237 img159238 img159239 img1592310 img1592311 img1592312 img1592314 img159235 img159233 img159234 img1592331 img1592330 img159236 img159231 img1592319 img1592320 img1592315 img1592316 img1592317 img1592318 img1592321 img1592322 img1592328 img1592327 img1592326 img1592325 img1592324 img1592323 img1592313 img159232