ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យមានការពង្រឹងសន្តិស...

រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀត នៅថ្ងៃបិទព្រឹត្តិការណ៏ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២

ថ្ងៃចេញផ្សាយ: Tuesday, May 16, 2023, 10:49 AM

img155232 img1552325

 

 

 

 

 

             ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញអោយមានការពង្រឹងបន្ថែមទៀត លើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភានេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យ ជូនជាតិ ។

            ការជំរុញអោយមានការពង្រឹងបន្ថែមលើការងារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ។

            ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧    ទីតាំង ក៏ត្រូវតែរៀបចំឡើងអោយកាន់តែល្អជាងមុន ដើម្បីអោយប្រជាពលរដ្ឋបានទស្សនាកំសាន្ត។

            កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុនអោយរួចរាល់។

            ឯកឧត្ដមឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺននាក់ ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺនទៀត សរុបប្រមាណ៨ម៉ឺននាក់។ តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក។ ដូច្នេះទេ យើងត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំរបស់ឯកឧត្តមអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភាខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនប្រទេសជាតិរបស់យើង។

            គួរបញ្ជាក់ថា ៖ នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ៕

img155235 img1552324 img1552316 img1552315 img1552323 img155237 img155234 img155233 img155239 img1552311 img1552314 img1552313 img1552312 img1552310 img155238 img1552317 img1552318 img1552319 img1552320 img1552321 img155232 img1552322