ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រជុំដាក់បញ្ជាឱ្យអ...

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប្រជុំដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន

ថ្ងៃចេញផ្សាយ: Thursday, February 15, 2024, 8:56 AM

img142243 img142242

 

 

 

 

 

         យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្ដម​ ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឱ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

          ការដាក់បទបញ្ជាបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៤ នៅសាលា​រាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាម។

          ឯកឧត្ដម​ ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ចំពោះអាជីវកម្មឆ្នោតផ្សងសំណាងចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួស​សុពលភាព គឺមិនអនុញ្ញាតឱ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឱ្យមានទៀតទេ។

          ឯកឧត្ដម​ ឃួង ស្រេង បានបន្តទៀតថា តាមជុំវិញផ្សារ សាលារៀន គឺមិនអោយមានដាច់ខាតចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះគឺត្រូវតែបង្រ្កាបភ្លាមតែម្តង។

          បន្ថែមពីនេះទៀត ឯកឧត្ដម​ ឃួង ស្រេង ជំរុញអោយបន្តបង្កើត​ Group Telegram ក្រុមការងារត្រួតពិនិត្យ​ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅរាជធានីភ្នំពេញ​ ដោយក្រុមការងារនេះត្រូវមានរបាយការណ៍ប្រចាំថ្ងៃជូនអភិបាលរាជធានីភ្នំពេញ។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ និងខណ្ឌទាំង១៤​ ត្រូវរៀបចំប្រជុំបន្ទាន់​ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យលិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ​ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាពត្រូវបិទជាបន្ទាន់​ ទីតាំងដែលមានអាជ្ញាបណ្ណពី​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា​ តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ​ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង​ ត្រូវរង់ចាំដល់ផុតសុពល​ រួចចុះបិទដែរ បញ្ឈប់ការបន្តសុពលភាពលិខិតអនុញ្ញាតទីតាំង​ និងចេញលិខិតអនុញ្ញាតទីតាំងថ្មី​។

          គួរបញ្ជាក់ថា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី៤ នាព្រឹថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិបើកទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ជាមួយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស។ ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាដល់អភិបាលរាជធានី ខេត្តទាំងអស់ ចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីៗទៀត សូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍មកសម្ដេច ដើម្បីចាត់វិធានការបន្ត ដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

img1422424 img1422417 img1422423 img1422422 img142247 img1422415 img1422414 img1422413 img142244 img1422421 img1422420 img142246 img142245 img142248 img1422412 img1422411 img1422416 img142249 img142241 img1422418 img1422419 img1422410